តើពេលណា ស្ថាប័នពន្ធដារ អាចធ្វើឱ្យពលរដ្ឋជឿជាក់ថា«មិនស៊ីលុយ»
Mao Sopha
12 ម៉ោងមុន

អត្ថបទដោយ៖ ស៊ូ សូរិយា និង ម៉ៅ សុផា 
រាជធានីភ្នំពេញ៖ មិនទាន់សំដៅដល់ស្ថាប័នផ្សេង នៅទីនេះ និយាយតែអគ្គនាយកដ្ឋានពន្ធដារ ដែលជាអង្គភាពប្រមូលពន្ធ ឬលុយចូលរដ្ឋ។ ស្ថាប័នពន្ធដារ មានកេរ្តិ៍ឈ្មោះមិនសូវល្អប៉ុន្មានឡើយក្នុងសង្គមខ្មែរ ប៉ុន្តែមនុស្សម្នាមួយចំនួន នៅតែប្រាថ្នាចង់ចូលបម្រើការងារក្នុងស្ថាប័ននេះ។ «ចូលធ្វើការខាងពន្ធដារ ជាកន្លែងខ្លាញ់ ដឹងតែលុយខាប់ហើយ!» នេះជាពាក្យខ្លះៗ ដែលមនុស្សទូទៅក្នុងសង្គមខ្មែរ តែងគិតតែងនិយាយចេញមក។  

រូបតំណាងអំពីអំពើពុករលួយ
រូបតំណាងអំពីអំពើពុករលួយ

ទោះជាថ្នាក់ដឹកនាំផ្នែកពន្ធដារ រួមទាំងមន្រ្តីបម្រើការងារផ្នែកពន្ធដារ ប្រឹងអត្ថាធិប្បាយបរិយាយសម្រាយសេចក្តីបែកអូរហូរស្ទឹង ដើម្បីឱ្យមើលទៅឃើញថា អ្នកនៅក្នុងស្ថាប័ន ឬអង្គភាពមួយនេះ ស្អាតស្អំ សុចរិត មិនពុករលួយ មិនយកលុយរដ្ឋបានពីប្រមូលពន្ធ ដាក់ចូលហោប៉ៅខ្លួនយ៉ាងណាក៏ដោយ ក៏ពលរដ្ឋនៅតែពិបាកជឿ។ សឹងតែអាចនិយាយបានថា អុជធូប និងយកព្រះមកស្បថនៅមុខ ក៏មិនចង់ជឿផង។ មាន..មន្រ្តីដែលស្អាតស្អំ តែបើថា គ្មានអំពើពុលរលួយ ឬការកិបកេងក្នុងស្ថាប័ននេះ ពលរដ្ឋប្រហែលជាគ្រវីក្បាល។  

លោក គង់ វិបុល និងលោក គិត ម៉េង
លោក គង់ វិបុល និងលោក គិត ម៉េង

«លាងបាប»​ ជាពាក្យដែលចេញពីមាត់មហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា គិត ម៉េង កំពុងល្បីល្បាញពេញបណ្តាញសង្គម។ ក្នុងវេទិកាសាធារណៈមួយ នាពេលថ្មីៗនេះ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលចូលរួមធ្វើជាវាគ្មិនមួយរូប បានស្នើត្រង់ៗទៅកាន់លោក គង់ វិបុល អគ្គនាយកពន្ធដារ ដែលអង្គុយធ្វើជាវាគ្មិនដែរនោះ សុំឱ្យលាងបាបក្នុងស្ថាប័ននេះ។ លោក គិត ម៉េង មិនទាន់ឈប់និយាយ មិនទាន់ទម្លាក់ក្បាលមេក្រូចុះផង ស្នូរទះដៃក៏លាន់ឮឡើងពេញសាលវេទិកានោះ (អ្នកចូលរួមស្ដាប់ ហាក់ចង់បង្ហាញអារម្មណ៍ថា ការលើកឡើងរបស់លោក គិត ម៉េង ត្រូវសាច់រឿងក្នុងសង្គមខ្លាំងពេក)។  

វាគ្មិនក្នុងវេទិកាពន្ធដារកម្ពុជា
វាគ្មិនក្នុងវេទិកាពន្ធដារកម្ពុជា

លោក គង់ វិបុល ឆ្លើយតបថា ស្ថាប័នពន្ធដារ លាងបាបមួយអាយូសមកហើយ ហើយតែងលាងបាបជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកសាងបាប នៅតែសាងដដែលៗ។ មេធំពន្ធដាររូបនេះ ក៏ទទួលបានស្នូរទះដៃពីសំណាក់អ្នកចូលរួមដែរ។ ពាក្យលាងបាបនេះ តើលោក គិត ម៉េង ចង់មានន័យដូចម្តេច? សុំឱ្យលុបបំបាត់អំពើពុករលួយ និងលាយជម្រះការកេងប្រវញ្ចលុយរដ្ឋ ឬយ៉ាងណា? ក្រោយផ្ទុះការវែកញែកពេញបណ្តាញសង្គម សភាពាណិជ្ជកម្មកម្ពុជា ក៏ចេញសេចក្តីបំភ្លឺថា អត្ថន័យពិតប្រាកដនៃពាក្យលាងបាប ដែលលោក គិត ម៉េង លើកឡើង គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាលុបបំណុលពន្ធ ដែលវិស័យឯកជនជំពាក់រដ្ឋកន្លងមក។ 

លោក យ៉ង់ គីមអេង
លោក យ៉ង់ គីមអេង

តាមរយៈកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី១១ ខែកុម្ភៈ ​ឆ្នាំ២០២៦ អ្នកនៅក្រៅរាជរដ្ឋាភិបាល២រូប បានផ្តល់យោបល់អំពីការធ្វើកំណែទម្រង់ និងការបោសម្អាតអំពើពុករលួយក្នុងស្ថាប័នពន្ធដារ។ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព វាយតម្លៃថា ការកែទម្រង់ក្នុងស្ថាប័នពន្ធដារ ឬស្ថាប័នរដ្ឋផ្សេងទៀត គឺអាចធ្វើទៅបាន គ្រាន់តែស៊ីពេលយូរបន្តិច។ លោក មើលឃើញថា បើចង់កែទម្រង់ឱ្យបានឆាប់ គឺត្រូវចាត់វិធានការក្ដៅ ដោយប្រើច្បាប់ឱ្យបានម៉ឺងម៉ាត់ គ្មានការលើកលែង មិនត្រូវឱ្យមានបក្សពួកនិយម និងគ្មានការកិបកេង។ ជាមួយគ្នា លោកក៏ស្នើឱ្យស្ថាប័នពន្ធដារ សម្រួលនីតិវិធីយ៉ាងណាឱ្យងាយស្រួល កុំឱ្យបង្កភាពលំបាក ឬស្មុគស្មាញដល់វិស័យឯកជន។ 

លោក ឯម សុវណ្ណារ៉ា 
លោក ឯម សុវណ្ណារ៉ា 

លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គម ថ្លែងថា ជាទូទៅ ការងារមន្រ្តីរាជការ ក្រៅពីប្រាក់បៀវត្សរ៍ មិនអាចរកក្រៅបានទេ តែបើកាលណា រកក្រៅបាន ឬប្រើពាក្យកន្លែងខ្លាញ់ កន្លែងកើបលុយ គឺសុទ្ធតែជាការប្រព្រឹត្តអំពើពុករលួយ។ លោកយល់ឃើញថា បើស្ថាប័នពន្ធដារ អាចលុបសេវាក្រោមតុបាន ហើយធ្វើឱ្យមានតម្លាភាព អ្នកវិនិយោគបរទេសនឹងមកកម្ពុជាកាន់តែច្រើន។ តើអង្គភាពពន្ធដារ អាចធ្វើបានទេប៉ុណ្ណឹង? 

រូបតំណាងអំពីការមិនប្រព្រឹត្តអំពើពុករលួយ
រូបតំណាងអំពីការមិនប្រព្រឹត្តអំពើពុករលួយ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត