សត្វព្រៃកម្រ និងជិតផុតពូជ៤២ប្រភេទ កំពុងរស់នៅ«ឧទ្យានជាតិវីរជ័យ»
អុន សម្ផស្ស
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (Fauna & Flora-Cambodia Programme) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវជីវ:ចម្រុះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ប្រទះឃើញសត្វព្រៃ ៤២ប្រភេទ ក្នុងឧទ្យានជាតិវីរជ័យ​ ខេត្តរតនគិរី...។

តាមរយៈសេចក្តីប្រកាសព័ត៌មានរួម កិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគិរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលបានកត់ត្រាចំនួន៤២ប្រភេទ ពីចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥។ សត្វទាំងនោះរួមមាន៖ ថនិកសត្វ៣២ប្រភេទ, បក្សី៩ប្រភេទ និងពពួកល្មួន ១ប្រភេទ។ ប្រភេទសត្វដែលកត់ត្រាទាំង៤២នេះ មានពីរប្រភេទជាសត្វជិតផុតពូជបំផុត, ៥ប្រភេទជាសត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ។ ចំពោះសត្វកម្រសំខាន់ៗមានដូចជា៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយ-ស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។ ក្រៅពីនោះតាមរយៈកំណត់ត្រាវីដេអូ បានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលអង្គការជំនាញរួមទាំងភាគីពាក់ព័ន្ធ ចាត់ទុកជាសក្ខីភាពបង្ហាញពីមោទកភាព និងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរជ័យ។

គួរជ្រាបថា ឧទ្យានជាតិវីរជ័យ​ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាជម្រកដ៏មានសារសំខាន់សម្រាប់ការរស់នៅសត្វព្រៃគ្រប់ប្រភេទ។ តាមអង្គការដដែល គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវរបស់ពួកគេ គឺដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗទាំងនេះ ដោយផ្តោត ទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងភាពចាំបាច់ក្នុងការការពារសត្វព្រៃផងដែរ។ សហគមន៍ដែលរស់នៅក្បែរ តំបន់ការពារទាំងនេះ អាចគាំទ្រដល់ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ប៉ុន្តែពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ។ ដូច្នេះហើយ ការធ្វើឱ្យមានសុខដុមនីយកម្មរវាងគោលដៅអភិរក្សជាមួយ នឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់នៃការបន្តរស់រានមានជីវិត នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត