
រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន នៅថ្ងៃទី១១កុម្ភៈនេះ បានស្នើប្រទេសចិនឱ្យបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម...។

ការស្នើឡើងនេះ ក្នុងឱកាសលោកទេសរដ្ឋមន្រ្តី ជួបសម្ដែងការគួរសមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុងផ្តល់នូវការគាំទ្រការបោសសម្អាតមីន ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព អប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្រ្គោះជនរងគ្រោះ ក៏ដូចការគាំទ្រដល់ការអនុវត្តគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន»។ ជាមួយគ្នា លោកក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូតចិន បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យបោសសម្អាតមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា ដោយបានចាត់ទុកវិស័យនេះ ជាវិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជួយសង្រ្គោះដល់អាយុជីវិត និងលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ៕



