
ខេត្តបាត់ដំបង៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានប្រកាសពីដំណឹងដ៏រីករាយមួយ បន្ទាប់ពីក្រុមអ្នកជំនាញមកពីក្រសួង និងស្ថាប័នជាច្រើន សហការគ្នាស្រាវជ្រាវរកឃើញសត្វខ្យងគោកប្រភេទថ្មីមួយ នៅលើភ្នំបាណន់ ក្នុងខេត្តបាត់ដំបង ហើយថែមទាំងត្រូវចាត់ទុកថា ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក…។

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បញ្ជាក់ថា ខ្យងដែលរកឃើញថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា «ខ្យងឧទយាទិត្យ» គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាព្រះរាជាខ្មែរដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់ ចន្លោះឆ្នាំ១០៥០ ដល់១០៦៦។ សត្វខ្យងនេះ ត្រូវបានរកឃើញតាមរយៈកិច្ចសហការពីក្រសួង និងស្ថាប័នជាច្រើនតាំងតែពីឆ្នាំ២០២៤។ ក្រសួង និងស្ថាប័នទាំងនោះរួមមាន៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យជូឡាលុងកន (จุฬาลงกรณ์มหาวิทยาลัย) សាកលវិទ្យាល័យម៉ាហ៊ីឌុល(มหาวิทยาลัยมหิดล) និងសាកលវិទ្យាល័យកនគែន (ขอนแก่น) ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប(EU) តាមរយៈគម្រោង Bcoming ស្រាវជ្រាវ។

ផ្អែកតាមការសិក្សាកន្លងមកនៅក្នុងតំបន់ភ្នំថ្មកំបោរប្រទេសកម្ពុជា អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ពន្យល់បន្ថែមថា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus) ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក «Clostophis» នេះទេ។ ដូច្នេះ ការសិក្សារបស់ក្រុមអ្នកជំនាញទាំងនោះ បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មី សម្រាប់ប្រទេសកម្ពុជាផងដែរ។ «ខ្យងគោកពួក Clostophis» ជាពួកខ្យងមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០ នៃពួកClostophis ដែលត្រូវបានគេរកឃើញ។

សូមជម្រាបថា តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជា សម្បូរទៅដោយប្រភេទសត្វមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ(Endemic)។ ការរកឃើញនេះ មានសារសំខាន់ ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យងClostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ:ពិសេសនៃលក្ខខណ្ឌភូមិសាស្ត្រ និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស៕





