
រាជធានីភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (Fauna & Flora - Cambodia Programme ) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញនូវរូបភាពចំនួន៥សន្លឹកដោយភ្ជាប់ជាមួយសំណេរបញ្ជាក់ថា ពួកវាជាប្រភេទសត្វដែលកម្រ ហើយត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដាក់ក្នុងតំបន់ទេសភាពភ្នំថ្មកំបោរក្នុងប្រទេសកម្ពុជា..។

អង្គការជំនាញមួយនេះ បញ្ជាក់ថា សត្វកម្រដែលថតបានទាំងនោះរួមមាន៖ ទី១.ស្វាព្រាម វាត្រូវបានរកឃើញនៅក្នុង ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ ពួកវារស់នៅតាមតំបន់ព្រៃឈើផ្សេងៗ រួមមាន៖ តំបន់ទំនាប ព្រៃពាក់កណ្តាលបៃតង និងព្រៃកោងកាង។ វាមានរោម ពណ៌ប្រាក់ងងឹត មុខពណ៌ខ្មៅ និងផ្នត់ពណ៌ប្រផេះប្រាក់នៅលើក្បាល។ ស្វាព្រាមស៊ីស្លឹកខ្ចី ផ្លែឈើ ផ្កា និងពន្លកជាអាហារ ហើយវាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។ ទី២.ពង្រូល វាជាសត្វមានវត្តមានរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានខ្លួនគ្របដណ្ដប់ដោយស្រកាកេរ៉ាទីនយ៉ាងក្រាស់ ហើយមានកន្ទុយ និងច្រមុះវែង។ វាចូលចិត្តស៊ីពពួកសត្វ ស្រមោច និងកណ្តៀជាអាហារដោយប្រើក្រញ៉ាំខាងមុខដ៏រឹងមាំរបស់វា កាយហែកសំបុកកណ្តៀ និងស្រមោច បន្ទាប់មកវាប្រើអណ្តាតស្អិតវែងរបស់វាចាប់យក និងស៊ីសត្វល្អិតទាំងនោះ។ ពង្រូល ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជបំផុត។

រីឯទី៣.សត្វកែះ ជាប្រភេទសត្វដែលមានរូបរាងស្រដៀងសត្វពពែ មានរោមរាងរឹងច្រាង និងស្នែងកោងទៅក្រោយ។ វាមានវត្តមានរស់នៅតាមជម្រកព្រៃឈើ និងតំបន់ភ្នំ ក្នុងតំបន់ហិមាល័យ អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ កែះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយទទួលរងគ្រោះ។ ទី៤.ស្វាក្តាម សត្វប្រភេទនេះ មានរបាយរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយវាជាក្រុមសត្វពានរ ដែលអាចសម្របខ្លួនបានយ៉ាងល្អនៅតាមជម្រកព្រៃឈើ និងតំបន់មានមនុស្សរស់នៅ។ ស្វាក្តាមស្វែងរកចំណីទៅតាមឱកាសដែលមាន ដោយពួកវាស៊ីទាំងផ្លែឈើ ស្លឹករុក្ខជាតិ និងក្រុមសត្វឥតឆ្អឹងកង។ វាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។

ចំណែកទី៥.ក្ងោក មានរបាយធម្មជាតិរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយវាងាយត្រូវ បានកត់សម្គាល់ដោយសាររោមពណ៌បៃតង និងពណ៌ខៀវដ៏គួរឱ្យទាក់ទាញរបស់វា។ វាជាសត្វស្លាបមានទំហំធំ ដោយសត្វឈ្មោលអាចមានកម្ពស់រហូតដល់ ៣ម៉ែត្រ។ ក្ងោកស៊ីផ្លែឈើ សត្វឥតឆ្អឹងកង និងសត្វលូនតូចៗជាអាហារ។ ក្ងោកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។ សូមជម្រាបថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះមានសារសំខាន់យ៉ាងខ្លាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ។ តំបន់ទេសភាពភ្នំថ្មកំបោរ គឺជាទេសភាពដែលកើតចេញពីការរលាយនៃថ្មដូចជា ថ្មកំបោរ (limestone) ថ្មប្រភេទ (dolomite) និងថ្មប្រភេទ (gypsum)។ ដំណើរការនេះបង្កើតលក្ខណៈភូមិសាស្ត្រពិសេសដូចជា រន្ធថ្ម រូងឬល្អាងភ្នំ និងប្រព័ន្ធទឹកហូរក្រោមដីជាដើម៕








