អ្នកចិញ្ចឹមឃ្មុំក្នុងស្រុកប្រឈមនឹងទីផ្សារ ខណៈទឹកឃ្មុំនាំចូលពីប្រទេសក្រៅមានតម្លៃទាប
K
Kimhuoy Klaing
13 កក្កដា 2022 04:00 AM

(ខេត្តបាត់ដំបង)៖ ប្រជាកសិករដែលចឹញ្ចឹមឃ្មុំយកទឹកលក់កំពុងប្រឈមនឹងទីផ្សារខ្លាំង ក្រោយមានទឹកឃ្មុំនាំចូលពីប្រទេសជិតខាងលក់ក្នុងតម្លៃទាប ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។

លោក ឡាយ រដ្ឋា អ្នកចិញ្ចឹមឃ្មុំយកទឹកលក់ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានត្អូញត្អែរថា លោកបានចាប់យកមុខរបរចិញ្ចឹមសត្វឃ្មុំយកទឹកពីលំអងផ្កាធម្មជាតិ «ទឹកឃ្មុំឆៅ» តាំងពីឆ្នាំ២០១៨មកម៉្លេះ ដោយទទួលបានទិន្នផលគួរសម និងមានទីផ្សារល្អដែលជាតម្រូវការក្នុងស្រុកសម្រាប់ធ្វើជាឱសថដ៏មានប្រសិទ្ធភាព។

លោក រដ្ឋា បានលើកឡើងថា ការចិញ្ចឹមសត្វឃ្មុំយកទឹកសុទ្ធ១០០% តាមបែបធម្មជាតិរបស់លោក គឺចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរទីតាំងចិញ្ចឹមជាញឹកញាប់ទៅតាមតំបន់ព្រៃដែលមានផ្ការុក្ខជាតិចម្រុះច្រើនទើបឆាប់ហុចផលបានល្អ។ ដោយរយ:ពេលខ្លីចន្លោះត្រឹមក្នុង១ខែ លោកអាចប្រមូលផលទឹកឃ្មុំឆៅសុទ្ធជាមធ្យមបាន៣០០លីត្រ សម្រាប់តម្រូវការលើទីផ្សារស្ទើរមិនគ្រប់គ្រាន់ឡើយ ហើយក្រោយពីមានការនាំចូលពីក្រៅស្រុកដោយរងការលក់ក្នុងតម្លៃថោកធ្វើឱ្យប៉ះពាល់តម្លៃទឹកឃ្មុំក្នុងស្រុក ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់លោក និងស្ទើរគ្រប់គ្រងថ្លៃឈ្នួលបុគ្គលិកមិនបាន។

លោករដ្ឋា បញ្ជាក់ថា ទឹកឃ្មុំនៅប្រទេសគេមានច្រើនប្រភេទ តែទឹកឃ្មុំមានតម្លៃ គឺជាទឹកឃ្មុំឆៅចិញ្ចឹមក្នុងស្រុកសម្រាប់ប្រើធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ។ រីឯទឹកឃ្មុំកែច្នៃហើយលក់តម្លៃថោកសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ដូចជាប្រឡាក់ជាមួយសាច់ បង្កើនរសជាតិជាដើម។ ដូច្នេះ ទឹកឃ្មុំដែលមានគុណភាពល្អ គឺមានតម្លៃខ្ពស់ជាងការនាំចូលពីក្រៅស្រុកបន្តិចហើយ ព្រោះជាទឹកឃ្មុំឆៅចិញ្ចឹមក្នុងស្រុកដោយក្រេបយកលំអងផ្កាធម្មជាតិសុទ្ធ១០០%។ 

ពាក់ព័ន្ធនឹងការលើកឡើងពីកសិករចិញ្ចឹមសត្វឃ្មុំនេះ លោក ហ៊ុន វ៉ាត់់ថា ប្រធានសហគមន៍បានឱ្យដឹងថា បច្ចុប្បន្នលោកទទួលស្គាល់ថា ពិតជាកំពុងប្រឈមនឹងតម្លៃទីផ្សារពិតប្រាកដដោយសារតែកត្តានាំចូលពីប្រទេសថៃ ដែលជាទឹកឃ្មុំសម្រាប់ផ្ទះបាយមានលាយល្បាយដែលជាបច្ចេកទេសរបស់គេ ដើម្បីលក់ក្នុងតម្លៃថោក ធ្វើឱ្យប៉ះពាល់មុខរបរចិញ្ចឹមក្នុងស្រុក។

លោកបានគូសបញ្ជាក់ថា ម្យ៉ាងវិញទៀត..យើងមានកត្តាច្រើនដែលធ្វើឱ្យមិនសូវមានអតិថិជនចាប់អារម្មណ៍ ដូចជាការវេចខ្ចប់ជាដើម។ យ៉ាងណាក្ដី លោកសំណូមពរដល់កសិករចិញ្ចឹមសត្វឃ្មុំក្នុងខេត្តបាត់ដំបង បើផលិតបានហើយត្រូវធ្វើការវេចខ្ចប់ឱ្យបានល្អតាមដែលអាចធ្វើទៅបាន ខណៈប្រជាជនខ្មែរនៅតែនិយមប្រើប្រាស់របស់សុទ្ធក្នុងស្រុកដដែល។ បើយើងចង់ឱ្យដំណើរការនៃការលក់ដូរលើទីផ្សារបានល្អ កសិករចិញ្ចឹមទាំងអស់ត្រូវចូលគ្នាជាសហគមន៍លក់តែនៅក្នុងសហគមន៍ទើបរក្សាតម្លៃទីផ្សារបានសមរម្យ ព្រោះបច្ចុប្បន្នខាងសហគមន៍ទើបតែមានកសិករចិញ្ចឹមត្រឹម១០គ្រួសារប៉ុណ្ណោះ ហើយកន្លងទៅខាងសភាពាណិជ្ជកម្មខេត្តក៏បានចុះជួបខាងសហគមន៍ពិភាក្សាលើបញ្ហាទឹកឃ្មុំក្នុងស្រុកនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត