
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក តាមរយៈការិយាល័យឧស្សាហកម្ម និងសន្តិសុខ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសអនុវត្តច្បាប់ចុងក្រោយ (Final Rule) ក្នុងការដកឈ្មោះប្រទេសកម្ពុជាចេញពីបញ្ជីក្រុមប្រទេស D:5 ដែលអាម៉េរិកផ្អាកលក់អាវុធឱ្យនាពេលកន្លងមក។ ការសម្រេចជាផ្លូវការ នៃការលុបឈ្មោះកម្ពុជាចេញពីបញ្ជីនេះ មានន័យថា អាម៉េរិក យល់ព្រមលក់អាវុធឱ្យឡើងវិញ ឱ្យតែកម្ពុជាចង់ទិញ។

បទបញ្ជានេះ ត្រូវបានដាក់ចេញដើម្បីលុបបំបាត់ភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុននាំចេញ បន្ទាប់ពីក្រសួងការបរទេសអាម៉េរិកបានដកកម្ពុជាចេញពីបម្រាមស្តីពីការជួញដូរអាវុធអន្តរជាតិ។ រដ្ឋាភិបាលអាម៉េរិកបានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ រួមទាំងការបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិកលើវិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ បទបញ្ជានេះបានចូលជាធរមានចាប់ពីថ្ងៃទី៣ខែកុម្ភៈតទៅ។

ទោះបីជាដកចេញពីបញ្ជីហាមឃាត់ក៏ដោយ ក៏កម្ពុជានៅតែស្ថិតក្នុងបញ្ជីក្រុមប្រទេសមួយប្រភេទទៀត ហៅថា D:1 ដែលមានន័យថា រាល់ការនាំចេញទំនិញពាក់ព័ន្ធនឹងសន្តិសុខជាតិ និងការប្រើប្រាស់ក្នុងវិស័យចារកម្មយោធា នៅតែត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃក្នុងករណីខ្លះ។ តាមរយៈការកែសម្រួលច្បាប់ចុងក្រោយនេះ អាម៉េរិករំពឹងថា ចំនួនពាក្យស្នើសុំអាជ្ញាបណ្ណនាំចេញទំនិញ[ផ្នែកអាវុធ]មកកម្ពុជានឹងមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីការបើកចំហកាន់តែខ្លាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិរវាងប្រទេសទាំងពីរ៕




