មន្រ្តីជំនាញរកឃើញករណីជនខិលខូចលួចទន្រ្ទានយកដីរដ្ឋ លើឧទ្យានជាតិ«គិរីរម្យ»ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន
L
Linda Sorn
15 ម៉ោងមុន

ក្រុងច្បារមន៖ ក្រុមមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញមានករណី ជនខិលខូចលួចបោះបង្គោលរបងហ៊ុមព័ទ្ធលើដីរដ្ឋ ក្នុងចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីយកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់។ នេះបើតាមសំណេរចុះផ្សាយដោយក្រសួងបរិស្ថាន នាថ្ងៃពុធទី១១កុម្ភៈ ឆ្នាំ២០២៦...។

ជនខិលខូចលួចបោះបង្គោលរបងហ៊ុមព័ទ្ធ ដីក្នុងឧទ្យានជាតិគិរីរម្យ។ រូបភាព៖ ក្រសួងបរិស្ថាន
ជនខិលខូចលួចបោះបង្គោលរបងហ៊ុមព័ទ្ធ ដីក្នុងឧទ្យានជាតិគិរីរម្យ។ រូបភាព៖ ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង ហើយដកហូតបានវត្ថុតាងមួយចំនួនធំ រួមមាន៖ លួសសំណាញ់ចំនួន៨ដុំ, ស៊ីម៉ង់ត៏ចំនួន១៣បេ, កាមេរ៉ាចំនួន៤គ្រាប់, សូឡាចំនួន៣ផ្ទាំង, ដែកជិត៤០០ដើម និងធុងទឹកចំណុះ៥០០០លីត្រចំនួន១។ ករណីនេះ ក្រសួងអះអាងថា ក្នុងពេលចុះពិនិត្យ ក្រុមការងារមិនបានប្រទះឃើញជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកយកទៅរក្សាទុកនៅស្នាក់ការលើភ្នំ។

ជនខិលខូចលួចបោះបង្គោលរបងហ៊ុមព័ទ្ធ ដីក្នុងឧទ្យានជាតិគិរីរម្យ។ រូបភាព៖ ក្រសួងបរិស្ថាន
ជនខិលខូចលួចបោះបង្គោលរបងហ៊ុមព័ទ្ធ ដីក្នុងឧទ្យានជាតិគិរីរម្យ។ រូបភាព៖ ក្រសួងបរិស្ថាន

ក្រសួងបញ្ជាក់ថា មន្រ្តីនគរបាលយុត្តិធម៌របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិផងដែរ។ ក្រសួងបរិស្ថាន ក៏កំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់ និងអំពាវនាវឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ត្រូវចាត់មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាមន្រ្តីឧទ្យានុរក្ស បន្តឃ្លាំមើល ស្រាវជ្រាវជនប្រព្រឹត្តបទល្មើស និងទប់ស្កាត់ កុំឱ្យមានសកម្មភាពបទល្មើសបន្តទៀត។

វត្ថុតាងដែលប្រមូលបាន។ រូបភាព៖ ក្រសួងបរិស្ថាន
វត្ថុតាងដែលប្រមូលបាន។ រូបភាព៖ ក្រសួងបរិស្ថាន

គួរបញ្ជាក់ថា ករណីលួចសាងសង់ផ្ទះលម្ហែនៅលើភ្នំគិរីរម្យនេះ មិនមានទើបតែកើតមានទេ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ មន្រ្តីជំនាញក្រសួងបរិស្ថាន បានរកឃើញមានការឈូសឆាយ និងលួចទន្រ្ទានដីដោយខុសច្បាប់ ដើម្បីធ្វើផ្ទះលម្ហែ នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។ កាលនោះ ក្រសួង បានឱ្យដឹងថា ជនខិលខូចបានលួចសង់រោងប្រក់តង់ចំនួន២, ធ្វើរបងបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ, កាប់ដើមស្រល់មួយចំនួន, ដាំដើមដូងប្រមាណ២០ដើម, រួមទាំងសាងសង់ផ្ទះលម្ហែចំនួន១ខ្នងរួចរាល់ បានប្រមាណ៨០ភាគរយ ហើយបម្រុងនឹងសាងសង់ផ្ទះស្នាក់មួយកន្លែងទៀត៕

លួចទន្រ្ទានដីដោយខុសច្បាប់ ដើម្បីធ្វើផ្ទះលំហែ នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ «គិរីរម្យ»។ រូបភាព៖ ក្រសួងបរិស្ថាន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត