បក្សគាំទ្រយោធាមីយ៉ាន់ម៉ាប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ខណៈពិភពលោកចាត់ទុកជាឆាកល្ខោន
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ គណបក្សសាមគ្គីភាព និងការអភិវឌ្ឍសហព័ន្ធ ហៅកាត់ថា USDP ជាបក្សតំណាងឱ្យរបបសឹកមីយ៉ាន់ម៉ា បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយយោធា នៅថ្ងៃទី២៦ ខែមករានេះ បន្ទាប់ពីដំណើរការបោះឆ្នោតអូសបន្លាយពេលអស់មួយខែបានបញ្ចប់ទៅ...។

មន្ត្រីជាន់ខ្ពស់របស់បក្សUSDPម្នាក់ បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បក្សរបស់លោកទទួលបានអាសនៈភាគច្រើនលើសលប់រួចជាស្រេច ហើយមានលទ្ធភាពពេញលេញក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅមុខ។ ទោះជាយ៉ាងណា ជ័យជម្នះនេះ ត្រូវបានអ្នកតាមដានលទ្ធិប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិ ចាត់ទុកថា គ្រាន់តែជាឆាកល្ខោននយោបាយ ដែលរៀបចំឡើងដោយបំពេញកិច្ច ដើម្បីឱ្យរបបសឹកបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០២១ ទទួលបានភាពស្របច្បាប់តែប៉ុណ្ណោះ។

ភាពត្រឹមត្រូវនៃការបោះឆ្នោតនេះ បានរងការរិះគន់យ៉ាងចាស់ដៃ ដោយសារតែគូប្រជែងនយោបាយដ៏មានប្រជាប្រិយ គឺលោកស្រី អ៊ុងសាន ស៊ូជី នៅតែបន្តជាប់ឃុំឃាំង ខណៈគណបក្ស NLD របស់លោកស្រី ត្រូវបានរំលាយចោលមិនឱ្យចូលរួមប្រកួតប្រជែងឡើយ។ លើសពីនេះ ដំណើរការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបានឡើយនៅក្នុងតំបន់ជាច្រើនដែលកំពុងមានសង្គ្រាមស៊ីវិល និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។ ចំណែកនៅក្នុងតំបន់ដែលគ្រប់គ្រងដោយយោធាវិញ សេរីភាពនៃការបញ្ចេញមតិត្រូវបានរឹតត្បិតយ៉ាងខ្លាំង ដោយច្បាប់ថ្មីបានកំណត់ទណ្ឌកម្មជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ សម្រាប់ជនណាដែលហ៊ានរិះគន់ ឬតវ៉ាប្រឆាំងនឹងការបោះឆ្នោតនេះ។

ស្របពេលដែលលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ មេដឹកនាំរបបសឹកលោក មីន អ៊ុងឡាំង បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ស៊ីវិល នៅតាមមណ្ឌលបោះឆ្នោតក្នុងទីក្រុងម៉ាន់ដាឡេយ៍ ហើយលោកមិនបានបដិសេធចំពោះលទ្ធភាពដែលលោកនឹងក្លាយជាប្រធានាធិបតី នៃរដ្ឋាភិបាលថ្មីនោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញអង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) បានព្រមានថា ការដែលពិភពលោកទទួលស្គាល់ការបោះឆ្នោត ដែលពោរពេញដោយការបោកប្រាស់នេះ នឹងធ្វើឱ្យកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយពិតប្រាកដ សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ាត្រូវដើរថយក្រោយ ខណៈមនុស្សជាង២២ ០០០នាក់ នៅបន្តរងទុក្ខក្នុងពន្ធនាគារក្រោមការបង្ក្រាបរបស់របបសឹកនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត