ប្លង់ដីសេរីថ្មី បោះពុម្ពនៅខេត្តចំនួន១៣បានភ្ជាប់ QR Code បង្ហាញទិន្នន័យច្បាស់មិនអាចក្លែងបន្លំ
អុន សម្ផស្ស
11 កុម្ភៈ 2026 07:00 AM

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល..។

បើតាមក្រសួងដែនដី ប្លង់ដីសេរីថ្មីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាប់អាចបើកកាមេរ៉ាទូរសព្ទដៃ ស្កេនលើ QR Code ក្នុងបណ្ណកម្មសិទ្ធិ ដើម្បីផ្ទៀងផ្ទាត់បានភ្លាមៗថា បណ្ណកម្មសិទ្ធិនោះជា «ឯកសារពិត ឬក្លែងក្លាយ» ដោយមិនចាំបាច់រង់ចាំយូរ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់អាចប្រៀបធៀបព័ត៌មានលើអេក្រង់ទូរសព្ទ ជាមួយបណ្ណកម្មសិទ្ធិនៅក្នុងដៃ ខណៈសុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Block chain ដែលមិនអាចកែបន្លំបានឡើយ។ គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះ បានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។

ប្លង់ដីទម្រង់ថ្មីនេះ បានបោះពុម្ពចំនួនប្រមាណ ៨៦ ៣៨៨បណ្ណ។ ក្រសួងចាត់ទុកថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code គឺជាសមិទ្ធផលថ្មីរបស់ក្រសួងរៀបចំដែនដី ក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៃបដិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត