
រាជធានីអូតាវ៉ា៖ ប៉ូលិសកាណាដា បានបញ្ជាក់នៅថ្ងៃទី១១ ខែកុម្ភៈនេះថា មនុស្សចំនួន១០នាក់ រួមទាំងខ្មាន់កាំភ្លើងផង បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវមួយ នៅសាលារៀនក្នុងខេត្តប្រ៊ីតធីស កូឡុំបៀ (British Columbia)...។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CBC បានឱ្យដឹងថា ជនរងគ្រោះចំនួន៦នាក់ ត្រូវបានរកឃើញថា[ស្លាប់]នៅខាងក្នុងសាលាមធ្យមសិក្សាថាមប្ល៊ើ រ៉ៃដ៍ (Tumbler Ridge) ខណៈម្នាក់ទៀតបានបាត់បង់ជីវិតក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អាជ្ញាធរបានរកឃើញសាកសពមនុស្ស២នាក់បន្ថែមទៀត នៅឯផ្ទះមួយកន្លែង ដែលប៉ូលិសជឿថា មានការពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ។ ចំពោះខ្មាន់កាំភ្លើងវិញ ត្រូវបានរកឃើញស្លាប់ នៅក្នុងបរិវេណសាលារៀនផងដែរ ដោយមានស្លាកស្នាមដែលគេសន្មតថា ជាការធ្វើអត្តឃាត។ ក្រៅពីអ្នកបាត់បង់ជីវិត ក៏មានជនរងគ្រោះ២នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដោយសាររបួសធ្ងន់ធ្ងរ ខណៈមនុស្សប្រហែល២៥នាក់ទៀត បានទទួលរងរបួសស្រាល និងកំពុងស្ថិតក្រោមការតាមដាននៅមណ្ឌលសុខភាពក្នុងតំបន់។

ភ្លាមៗ..ក្រោយកើតហេតុ កងកម្លាំងប៉ូលិសបានជម្លៀសសិស្ស និងបុគ្គលិកនៅសេសសល់ទាំងអស់ ទៅកាន់ទីតាំងសុវត្ថិភាព និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអប់រំ ដើម្បីជួយសម្របសម្រួលដល់ការជួបជុំគ្រួសាររបស់ជនរងគ្រោះឡើងវិញ។ បច្ចុប្បន្ន ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យមានការបង្ហូរឈាមដ៏រន្ធត់នេះ ខណៈតំបន់ជុំវិញសាលារៀនត្រូវបានឡោមព័ទ្ធ និងការពារយ៉ាងតឹងរ៉ឹង៕


