
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី២៥មករាថា ប្រទេសរបស់លោក គ្មានបំណងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ឬប្រទេសសេដ្ឋកិច្ចផែនការណាមួយឡើយ។ ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងការគំរាមរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលចង់ដាក់ពន្ធ១០០ភាគរយលើទំនិញកាណាដា ដោយសារលោកយល់ថា កាណាដាកំពុងបើកដៃឱ្យចិនប្រើប្រាស់ទឹកដីខ្លួនជាច្រកឆ្លងកាត់ ដើម្បីនាំទំនិញថោកៗចូលទៅអាម៉េរិក។

ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីលោក ខានី បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ហើយបានព្រមព្រៀងកាត់បន្ថយពន្ធលើឡានអគ្គិសនីចិន ពី១០០ភាគរយមកនៅត្រឹម៦,១ភាគរយវិញ ក្នុងចំនួនកំណត់ជិត៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ដើម្បីជាការដោះដូរឱ្យចិនបន្ទាបពន្ធលើការនាំចូលប្រេង និងសាច់ជ្រូករបស់កាណាដាវិញដែរ។ លោក ខានី បានពន្យល់ថា នេះគ្រាន់តែជាការដោះស្រាយបញ្ហាពន្ធដែលបានកើតឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយប៉ុណ្ណោះ មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើយ ប៉ុន្តែលោក ត្រាំ បានវាយបកវិញយ៉ាងចាស់ដៃតាមបណ្តាញសង្គម Truth Social ថា៖«ចិនកំពុងតែលេបត្របាក់ប្រទេសកាណាដាទាំងស្រុងហើយ។ គួរឱ្យសោកស្ដាយណាស់ដែលឃើញរឿងបែបនេះ...»។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសិន ក៏បានរិះគន់នាយករដ្ឋមន្រ្តីកាណាដា លោក ខានី ផងដែរថា កំពុងព្យាយាមសម្ដែងឫកជាអ្នកសកលនិយម ដើម្បីយកចិត្តសម្ព័ន្ធមិត្តនៅវេទិកាសេដ្ឋកិច្ចពិភពលោក Davos នាពេលថ្មីៗនេះ។ ភាពតានតឹងនេះកាន់តែខ្លាំងឡើង បន្ទាប់ពីលោក ខានី បាននិយាយនៅ Davos ក្នុងន័យឌឺដងដល់លោក ត្រាំ ថា៖«ប្រទេសអំណាចកណ្តាលត្រូវតែរួមកម្លាំងគ្នា ព្រោះបើអ្នកមិនបានអង្គុយនៅតុបាយទេ នោះអ្នកនឹងក្លាយជាម្ហូបនៅលើតុនោះមិនខាន»។ អ្វីដែលធ្វើឱ្យកាណាដាកាន់តែខឹងសម្បារនោះ គឺលោក ត្រាំ បានបង្ហោះរូបភាពផែនទីសហរដ្ឋអាម៉េរិក ដោយបញ្ចូលទឹកដីកាណាដា វេណេហ្ស៊ុយអេឡា ហ្គ្រីនឡែន និងគុយបា ជាផ្នែកមួយនៃអាម៉េរិកថែមទៀតផង។ លោក ត្រាំ ថែមទាំងបានលើកឡើងថា កាណាដាគួរតែត្រូវបានបញ្ចូលជា «រដ្ឋទី៥១» របស់អាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ លោក ខានី បានរំឭកថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិក-ម៉ិកស៊ិក-កាណាដា (USMCA) កាណាដាមានកាតព្វកិច្ចមិនត្រូវធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសមិនមែនទីផ្សារដោយគ្មានការជូនដំណឹងជាមុនឡើយ ដែលនេះជាការបញ្ជាក់ថា កាណាដានៅតែគោរពតាមច្បាប់តំបន់៕



