ត្រាំ ព្រមានដាក់ពន្ធ១០០ភាគរយលើកាណាដា បើហ៊ានចុះកិច្ចព្រមព្រៀងជាមួយចិន
N
Nary Vann
25 មករា 2026 01:59 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យកក្រើកពិភពពាណិជ្ជកម្មម្ដងទៀត កាលពីថ្ងៃទី២៤ ខែមករា ដោយបានព្រមានដាក់ពន្ធរហូតដល់១០០ភាគរយ លើទំនិញទាំងអស់របស់កាណាដា ដែលនាំចូលមកអាម៉េរិក ប្រសិនបើប្រទេសជិតខាងមួយនេះ បន្តចង់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ ​

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ក្នុងន័យវាយប្រហារធ្ងន់ៗថា៖«ចិននឹងស៊ីត្របាក់កាណាដាទាំងរស់ គឺស៊ីឱ្យខ្ទេចគ្មានសល់ រាប់ទាំងការបំផ្លាញអាជីវកម្ម រចនាសម្ព័ន្ធសង្គម និងរបៀបរស់នៅទូទៅរបស់ពួកគេផងដែរ»។ លោកបញ្ជាក់យ៉ាងច្បាស់ថា បើកាណាដាចាប់ដៃជាមួយចិន នោះអាម៉េរិកនឹងវាយបកដោយពន្ធ១០០ភាគរយភ្លាមៗតែម្ដង។ ​ អ្វីដែលគួរឱ្យឆ្ងល់នោះគឺ កាលពីថ្ងៃទី១៦ ខែមករា លោក ត្រាំ ទើបតែបាននិយាយប្រាប់អ្នកកាសែតថា ការដែលកាណាដាចុះកិច្ចព្រមព្រៀងជាមួយចិន គឺជារឿងល្អ ប៉ុន្តែឥឡូវនេះលោកបែរជាប្តូរចិត្តមួយទំហឹងទៅវិញ។ អ្នកវិភាគយល់ថា ការប្រែប្រួលនេះ កើតឡើងដោយសារលោក ត្រាំ ខឹងសម្បារនឹងការរិះគន់របស់លោក ម៉ាក ខានី ជុំវិញរឿងដែលអាម៉េរិកចង់បានហ្គ្រីនឡែន។

លោក ម៉ាក ខានី និងលោក ស៊ី ជីនពីង
លោក ម៉ាក ខានី និងលោក ស៊ី ជីនពីង

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី មិនបានតបតនឹងការគំរាមរឿងពន្ធដោយផ្ទាល់នោះទេ ប៉ុន្តែលោកបានចេញវីដេអូមួយជំរុញឱ្យប្រជាជនកាណាដា ងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ។ លោកបានលើកឡើងថា៖«យើងមិនអាចគ្រប់គ្រងអ្វីដែលប្រទេសដទៃធ្វើបានឡើយ ប៉ុន្តែយើងអាចធ្វើជាអតិថិជនដ៏ល្អបំផុតសម្រាប់ខ្លួនឯងបាន»។ ​ស្របពេលជាមួយគ្នា រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មកាណាដា-អាម៉េរិក លោក Dominic LeBlanc បានព្យាយាមសម្រួលស្ថានការណ៍ដោយបញ្ជាក់ថា កាណាដាមិនមែនកំពុងចរចាកិច្ចព្រមព្រៀងសេរីជាមួយចិននោះទេ គឺគ្រាន់តែដោះស្រាយបញ្ហាពន្ធសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។ ចំណែកឯស្ថានទូតចិនប្រចាំកាណាដាវិញ បានបង្ហាញជំហរត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយកាណាដា ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត