
រាជធានីភ្នំពេញ៖ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលគេហៅថា MoU44 គឺជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់ការគ្រប់គ្រង ការចរចា និងការដោះស្រាយទំនាស់ពាក់ព័ន្ធនឹងតំបន់ដែនសមុទ្ទត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដែលមានទំហំរាប់ម៉ឺនគីឡូម៉ែត្រការ៉េ ហើយមានធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសប្រេង និងឧស្ម័ន។ អនុស្សរណៈនេះ ជាឯកសារគតិយុត្តិមូលដ្ឋានក្នុងការរក្សាស្ថិរភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ អស់រយៈពេលជាង២ទសវត្សរ៍កន្លងមក។

បើថៃពិតជាលុបចោល MoU44 ដោយមិនបានគិតវែងឆ្ងាយមែននោះ វានឹងបង្កភាពស្មុគស្មាញដល់ប្រទេសទាំង២កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ខណៈកំពុងមានបញ្ហាពិបាកដោះស្រាយជាមួយគ្នាស្រាប់ទៅហើយ។ និយាយឱ្យចំ កម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែនគោកនាពេលនេះ ហើយនឹងនាំទៅរកជម្លោះព្រំដែនសមុទ្ទមួយបន្ថែមទៀត។ ស្រួលមិនស្រួល ទំនាស់នេះ នឹងអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ទៀតផង មិនមែនត្រឹមតែប្រទេសទាំង២នោះទេ។
សាកគិតទៅមើល! សូម្បីតែមាន MoU ឬកិច្ចព្រមព្រៀងស្រាប់ទៅហើយ ក៏ប្រទេសទាំង២នៅមិនទាន់អាចដោះស្រាយបញ្ហាដែនសមុទ្ទ ពិសេសតំបន់ត្រួតស៊ីគ្នាបានផង ចុះទម្រាំលុបកិច្ចព្រមព្រៀងជាឯកសារគតិយុត្តិចោលទៀតនោះ តើអាចនឹងដោះស្រាយបានដូចម្តេចកើត? ឬក៏ត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីម្ដងទៀត ឬក៏ថៃចង់ប្រើកម្លាំងដណ្តើមយកតំបន់ត្រួតស៊ីគ្នានេះ ដើម្បីច្បាមយកប្រយោធន៍តែឯង? ចុះបើគ្មានយន្តការច្បាប់ សម្រាប់ដោះស្រាយទំនាស់ដែនសមុទ្ទជាមួយគ្នា តើកម្ពុជា នឹងត្រូវធ្វើដូចម្តេច?

មេដឹកនាំកម្ពុជា ប្រកាសរួចហើយថា មិនចង់ប្រើកម្លាំងនោះទេ។ ដូច្នេះ ជម្រើសដែលកម្ពុជានៅសល់ គឺមានតែប្តឹងទៅតុលាការអន្តរជាតិប៉ុណ្ណោះ។ ថៃភ័យខ្លាចណាស់ ឱ្យតែឮថា កម្ពុជាយកបញ្ហាទឹកដីទៅប្តឹងនៅតុលាការអន្តរជាតិ ព្រោះថៃដឹងច្បាស់លើសនរណាៗទាំងអស់ថា ខ្លួននឹងមិនអាចឈ្នះកម្ពុជាឡើយ ហើយថៃថែមទាំងធ្លាប់មានប្រវត្តិចាញ់កម្ពុជានៅតុលាការអន្តរជាតិជាក់ស្តែងរួចមកហើយដែរ។ ប៉ុន្តែ ពេលនេះ ថៃបែរជាចង់លុបកិច្ចព្រមព្រៀងទ្វេភាគីសម្រាប់ដោះស្រាយបញ្ហាដែនសមុទ្ទជាមួយគ្នាទៅវិញ ដូចរុញ ឬបង្ខំកម្ពុជា ឱ្យប្តឹងទៅតុលាការអន្តរជាតិ (ដំបៅមិនឈឺ បែរជាយកឈើចាក់)។
កន្លងមក កម្ពុជា-ថៃ ធ្លាប់តែព្យាយាមសហការគ្នាចង់រុករកប្រេង និងធនធានធម្មជាតិក្នុងបាតសមុទ្ទនៅតំបន់ត្រួតស៊ីគ្នាប៉ុណ្ណោះ ដែលហៅថា OCA ដោយមិនដែលនិយាយដល់រឿងកោះគជ់ ឬកោះគុតឡើយ ដ្បិតថា ថៃកំពុងកាន់កាប់កោះនេះទាំងស្រុងរួចទៅហើយ។ ថៃអាចលុប MoU ចោលបាន តែមិនអាចច្បាមយកផលប្រយោជន៍ក្នុងសមុទ្ទតែម្នាក់ឯង ឬរំលោភបំពានដែនសមុទ្ទកម្ពុជានោះទេ។ ច្បាស់ណាស់ថា កម្ពុជា មិននៅស្ងៀមជាដាច់ខាត។

បើកម្ពុជាយកបញ្ហាដែនសមុទ្ទណាមួយ ប្តឹងទៅតុលាការអន្តរជាតិមែន តើអាចនឹកឃើញដល់កោះគជ់ដែរឬទេ? តើរាជរដ្ឋាភិបាលកម្ពុជា អាចពិចារណាថា បើជ្រុលជាប្តឹងហើយ គួរតែយកបញ្ហាកោះគជ់ទៅប្តឹងជាមួយគ្នាតែម្ដងឬទេ? យ៉ាងណាក៏ដោយ MoU44 មិនបានកំណត់ថា តំបន់ណាខ្លះជារបស់កម្ពុជា ឬជារបស់ថៃឡើយ ដោយគ្រាន់តែបញ្ជាក់ពីនីតិវិធីសម្រាប់ការដោះស្រាយ ការចរចា និងការរួមគ្នាធ្វើសកម្មភាពស្វែងរកធនធានធម្មជាតិក្នុងសមុទ្ទ ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា ឬតំបន់ដែលមិនទាន់អាចកំណត់ព្រំដែនជាមួយគ្នាបាន។
ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយអង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍នយោបាយ លើកជាយោបល់ថា ថ្វីបើពិភពលោក ឬអន្តរជាតិសព្វថ្ងៃនេះ មិនសូវមានសណ្តាប់ធ្នាប់ដូចមុនក្ដី តែការប្តឹងទៅតុលាការ និងស្ថាប័នអន្តរជាតិ ដើម្បីឱ្យជួយរកដំណោះស្រាយ នៅតែជាជម្រើសសម្រាប់កម្ពុជា។ ជាមួយគ្នានេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនឱ្យហើយ ដើម្បីដោះស្រាយ និងអាចឆ្លើយតបបាន នៅពេលណាថៃពិតជាលុប MoU ទាក់ទងនឹងដែនសមុទ្ទមែន។

គួរឈ្វេងយល់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោក ជាទូទៅ គេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែបើទាក់ទងនឹងបញ្ហាដែនសមុទ្ទ គេតែងទៅរកតុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA)។ តុលាការអន្តរជាតិកំពូលទាំង២នេះ មិននៅឆ្ងាយពីគ្នានោះទេ គឺស្ថិតក្នុងអគារតែមួយជាមួយគ្នា និងសុទ្ធតែស្ថិតក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ សូមរម្លឹកថា ដោយសារថៃមិនព្រមដោះស្រាយដោយសន្តិវិធីបែបនេះហើយ ទើបកន្លងមក កម្ពុជាជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីបំណងចង់ដាក់បណ្តឹង សុំឱ្យកាត់សេចក្ដីលើតំបន់ចំនួន៤ ថា ជារបស់កម្ពុជា ឬជារបស់ថៃ។

តំបន់ទាំង៤នោះ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ គ្រាន់ដឹងដំណឹងភ្លាម ថាកម្ពុជាមានបំណងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ថៃក៏ក្ដៅក្រហល់ក្រហាយ កើតទុក្ខមិនសុខចិត្ត អន្ទះអន្ទែងនៅមិនសុខ ប្រឹងរកលេសបង្ករឿងដាក់កម្ពុជាជាហូរហែ រហូតដល់ធ្វើសង្គ្រាមឈ្លានពានកម្ពុជាអស់២លើក។ ឥឡូវ ថៃមិនព្រមដោះស្រាយបញ្ហាដែនសមុទ្ទជាមួយកម្ពុជា តាមសម្រួលនិងតាមសន្តិភាពវិធីទេ បែរជាចង់លុបកិច្ចព្រមព្រៀងជាយន្តការច្បាប់ទៅវិញ ដែលអាចនឹងបង្កើតភាពលំបាកកាន់តែខ្លាំងដល់គ្នានិងគ្នា។
អ្នកដែលបើកមាត់ប្រកាសគម្រោងលុប MoU44 គឺលោក អនុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃចាំផ្ទះ និងទើបទទួលបានលទ្ធផលក្រៅផ្លូវការ អំពីការឈ្នះឆ្នោតបន្តកាន់តំណែងនេះ។ តែកុំភ្លេចឱ្យសោះថា បើកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ កម្ពុជាមានភាគរយច្រើនក្នុងការឈ្នះ ព្រោះជាចំណុចខ្លាំងរបស់កម្ពុជា ដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ ម្យ៉ាងទៀត បើផ្អែកលើសន្ធិសញ្ញា ឬឯកសារផ្សេងៗបន្សល់ទុកពីបារាំង កម្ពុជាមានចំណែកលើគោះគជ់ផងដែរ៕



