រាជធានីភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤មករាម្សិលមិញ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩គម្រោង មានទុនវិនិយោគសរុបប្រមាណ៦៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ៣ពាន់កន្លែង នឹងបោះទីតាំងនៅរាជធានីភ្នំពេញ បាត់ដំបង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប..។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា គម្រោងវិនិយោគទាំង៩នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មដូចជា៖ ខារអំបោះ និងជ្រលក់ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដ្រុកស៊ីត និងម្សៅបៀកជញ្ជាំង, ផលិតត្រីខកំប៉ុង និងទឹកត្រី, ផលិតវ៉ែនតា និងសម្ភារបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, ផលិតគ្រឿងតុបតែងសក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, ផលិតអំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទ និងសម្ភារបន្ទាប់បន្សំអំពូលភ្លើង។ សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាសាជាថ្មីម្ដងទៀត លើការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥ ដោយបានចំនួនសរុប៨៥៨គម្រោង។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងចំនួន៦៣០ មានទំហំទុនវិនិយោគសរុប១០ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង២២៨គម្រោងទៀត ចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ក្នុងទំហំទុនវិនិយោគសរុប៧៦៣លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគសរុបទាំងជាង៨០០គម្រោងនេះ ផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ៥៤៤ពាន់កន្លែង។ ចំពោះប្រភពទុនវិនិយោគ ចិននៅតែជាអ្នកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ពោលគឺប្រមាណ៥៤ភាគរយ, កម្ពុជា៣១ភាគរយ, សិង្ហបុរីជិត៦ភាគរយ, វៀតណាមជាង៤ភាគរយ៕
