
រដ្ឋធានីតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី កាលពីថ្ងៃទី៨កុម្ភៈ បានប្រកាសយ៉ាងដាច់អហង្កាថា ប្រទេសអ៊ីរ៉ង់នឹងមិនបោះបង់ចោលការចម្រាញ់អ៊ុយរ៉ាញ៉ូមជាដាច់ខាត នៅក្នុងកិច្ចចរចាជាមួយរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះការគំរាមកំហែងនៃសង្គ្រាម ឬការដាក់ពង្រាយកម្លាំងយោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ឡើយ...។

នៅវេទិកាមួយក្នុងរដ្ឋធានីតេហេរ៉ង់ លោក អារ៉ាក់ឈី បានលើកឡើងថា អ៊ីរ៉ង់មានទំនុកចិត្តតិចតួចណាស់លើសហរដ្ឋអាម៉េរិក ហើយលោកបានបង្ហើបថា អ៊ីរ៉ង់កំពុងតែពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ «ដៃគូយុទ្ធសាស្ត្រ» សំខាន់ៗ គឺចិន និងរុស្ស៊ី ពាក់ព័ន្ធនៃដំណើរការចរចានេះ។ លោកថ្លែងថា៖«ហេតុអ្វីបានជាយើងទទូចលើការចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយបដិសេធមិនបោះបង់វា ទោះបីជាត្រូវរងសម្ពាធសង្គ្រាមក៏ដោយ? ពីព្រោះគ្មាននរណាម្នាក់មានសិទ្ធិមកបង្គាប់បញ្ជាយើងឡើយ»។ លោកបន្ថែមថា វត្តមាននាវាដឹកយន្តហោះចម្បាំង USS Abraham Lincoln នៅសមុទ្ទអារ៉ាប់ មិនអាចបំភ័យអ៊ីរ៉ង់បានទេ។

ការចរចាវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានចាប់ផ្ដើមឡើងវិញ កាលពីថ្ងៃសុក្រនៅក្នុងប្រទេសអូម៉ង់ ជាលើកដំបូង ចាប់តាំងពីសង្គ្រាម១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែមិថុនាឆ្នាំមុន។ ខណៈលោកខាងលិច និងអ៊ីស្រាអែល បារម្ភថា អ៊ីរ៉ង់កំពុងផលិតគ្រាប់បែកអាតូមិក ប៉ុន្តែ លោក អារ៉ាក់ឈី បដិសេធ និងលើកឡើងថា៖«គ្រាប់បែកអាតូមិករបស់យើង គឺជាអំណាចក្នុងការនិយាយថា 'ទេ' ចំពោះមហាអំណាច»។ អ៊ីរ៉ង់ចង់ឱ្យអាម៉េរិកដកទណ្ឌកម្មសេដ្ឋកិច្ចជាថ្នូរនឹងវិធានការបង្កើតទំនុកចិត្តលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕



