
សុខភាព៖ តែកូវជី (Goji berry) មានពណ៌ស្រស់ស្អាត គ្មានជាតិកាហ្វេអ៊ីន និងមានរសជាតិផ្អែមតិចៗ លើសពីនេះ មានគុណប្រយោជន៍១០យ៉ាងដល់សុខភាពរាងកាយ SBM News នឹងលើកយកអត្ថប្រយោជន៍ទាំងនោះ មកជម្រាបជូនលោកអ្នកឱ្យបានជ្រាប…។

១.ជំនួយសុខភាពបេះដូង៖ កូវជី មានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុលបានរហូតដល់ ៧០ភាគរយ ហើយក៏ជួយកាត់បន្ថយទ្រីគ្លីសេរីដដែរ មួយវិញទៀត ជួយការពារប្រឆាំងនឹងកូលេស្តេរ៉ុលអាក្រក់ (LDL)។ ២.ជំនួយស្បែក៖ បេតាការ៉ូទីន ក្នុងកូវជីបន្ថយពន្យារភាពចាស់នៃស្បែក និងបន្ថយការខូចខាតស្បែកពីពន្លឺកាំរស្មីយូវី ល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ងាយនឹងត្រូវកម្តៅថ្ងៃ។ បេតាខារ៉ូទីន បង្កើតពន្លឺធម្មជាតិដែលធ្វើឱ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ។ ៣.ពង្រឹងប្រព័ន្ធការពាររាងកាយ៖ កូវជី ផ្ទុកវីតាមីន C ខ្ពស់ ជាវីតាមីនជួយបង្កើនប្រព័ន្ធការពាររាងកាយ ព្រោះអាចជួយជំរុញការផលិតកោសិកាឈាមស។ ៤.ជំនួយសុខភាពថ្លើម៖ កូវជី ជួយការពារថ្លើមពីការបំផ្លាញរបស់ជាតិពុល និងកាកសំណល់កោសិកានៅលើ DNA ខ្លាញ់ប្រូតេអ៊ីន និងសមាសធាតុសំខាន់ៗដទៃទៀតនៃកោសិកា។

៥.ជំនួយភ្នែក៖ កូវជីសម្បូរទៅដោយវីតាមីន A ដែលល្អចំពោះភ្នែក និងកាត់បន្ថយការចុះខ្សោយនៃភ្នែក។ ៦.ជួយការពារជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានបង្ហាញថា តែកូវជី អាចជួយឱ្យរាងកាយគ្រប់គ្រងការបញ្ចេញជាតិគ្លុយកូស និងអាំងស៊ុយលីន។ ៧.ការពារពីជំងឺមហារីក៖ តែកូវជី មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារអុកស៊ីតកម្មរបស់កោសិកា បន្ថយហានិភ័យនៃជំងឺមហារីក ប្រឆាំងរ៉ាឌីកាល់សេរី និងការពារការខូចខាត DNA។ ៨.ជួយសម្រកទម្ងន់៖ កូវជីមានជាតិសរសៃខ្ពស់ ដែលអាចធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ។ តែកូវជី ក៏ជួយដល់ការដុតរំលាយអាហារដែលជួយជំរុញដល់ការសម្រកទម្ងន់។ ៩.ធ្វើឱ្យអាម្មណ៍ល្អ៖ សារធាតុសកម្មនៅក្នុងកូវជីមានឥទ្ធិពលលើអ័រម៉ូននៅក្នុងរាងកាយ អាចជួយធ្វើឱ្យអារម្មណ៍មានតុល្យភាព ការពារការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

១០.ប្រឆាំងភាពចាស់៖ កូវជីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (phytochemicals) ដែលអាចពន្យារភាពចាស់។ ការស្រាវជ្រាវបង្ហាញថា សារធាតុនេះ ជួយការពារអុកស៊ីតកម្ម DNA និងជួយស្តារ DNA ដែលខូច។ រីឯវិធីឆុងគឺចាក់ទឹកក្ដៅមួយពែងចូលក្នុងកែវ ដែលមានកូវជីកន្លះស្លាបព្រាបាយ រួចទុក៥នាទី ហើយត្រូវញ៉ាំទាំងកាក ទើបទទួលបានអត្ថប្រយោជន៍ពេញលេញ។ តែយ៉ាងណា បើទោះបីជាតែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពច្រើន តែក៏មានផលប៉ះពាល់ដែរ រួមមាន៖ កូវជីមានផ្ទុកសារធាតុ betaine ជាសារធាតុគីមីដែលអាចបង្កឱ្យរលូតកូន ដូច្នេះស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំ។ ប្រសិនកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបន្ថយជាតិស្ករ ក៏មិនគួរកុំញុំដែរ ព្រោះកូវជីមានឥទ្ធិពលស្រដៀងគ្នានឹងថ្នាំទាំងនេះដែរ អាចបណ្ដាលកម្រិតជាតិស្ករធ្លាក់កាន់តែខ្លាំង។ លើសពីនេះ បើអ្នកមានបញ្ហាក្រពះ-ពោះវៀន ក៏មិនត្រូវញុំតែកូវជី។ មួយទៀត ញ៉ាំកុំឱ្យលើស២៨ក្រាម ឬ២ស្លាបព្រាបាយក្នុងមួយថ្ងៃ និងកុំពិសារពេលយប់ ព្រោះបណ្ដាលឱ្យគេងមិនលក់៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



