ស្មុគស្មាញ គិតច្រើនពេលយប់ សាកតិចនិកទាំងនេះនឹងជួយឱ្យឆាប់​គេង​លក់
S
Sreyleak Yith
05 កុម្ភៈ 2026 01:00 AM

សុខភាព៖ ការ​គិត​ច្រើន​នៅ​ពេលយប់ ភាគ​ច្រើន​បណ្ដាល​មក​ពី​ដំណើរការ​ខួរក្បាល​រំឭក​ដល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​ថ្ងៃ ឬ​ដល់​ហេតុការណ៍​ណា​មួយ​កើត​ឡើង​ក្នុង​ជីវិត​ដែល​មិន​អាច​បំភ្លេច​បាន។ មួយវិញទៀត នៅ​ពេល​ថ្ងៃ​រវល់នឹង​ការងារ ហេតុ​នេះ​ហើយ ខួរក្បាល​មិន​សូវ​មាន​ពេល​ទំនេរ​គិត​ដល់​ហេតុការណ៍​អស់នោះទេ។ ដើម្បីអាចឱ្យឆាប់គេងលក់លោកអ្នក អាចសាកវិធីដែលបានរៀបរាប់ដូចខាងក្រោម...។

.ដក​ដង្ហើម​វែងៗ៖ ការ​ដក​ដង្ហើម​វែងៗ ជាវិធីមួយដែល​អាចបន្លប់​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព ពិសេស​ពេល​ដក​ដង្ហើម​បណ្ដើររាប់​លេខ​បណ្ដើរ។ ពេល​ចាប់​ផ្ដើម​ដក​ដង្ហើម​ចូល​រាប់​ពី​១ដល់៣​ យឺតៗ រួច​ដក​ដង្ហើម​ចេញ​រាប់​ពី​១ដល់៥យឺតៗ ហើយព្យាយាម​ផ្ដោត​អារម្មណ៍​ទៅ​លើការ​ដកដង្ហើម​នោះ កុំ​ឱ្យបែក​អារម្មណ៍។ ២.ដុត​ប្រេង​ក្រអូប៖ ការ​ដុត​ប្រេង​ក្រអូប​នៅ​ក្នុង​បន្ទប់ ជួយ​សម្រួល​អារម្មណ៍​ និង​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​ធូរ​ស្រាល ពិសេស​ប្រេង​ក្រអូប​ក្លិន​ផ្កាទ្បាវែនដ័រ(Lavender) ប៉ុន្តែត្រូវ​ប្រយ័ត្ន​នៅ​ពេល​ប្រើ​ប្រេង​ក្រអូប ព្រោះ​វា​អាច​បង្ក​ឱ្យអាលែកហ្ស៊ីបាន។

៣.ឈប់​ប្រើ​ទូរសព្ទ ឬ​កុំព្យូទ័រ៖ ការ​ប្រើ​ទូរសព្ទ ឬ​កុំព្យូទ័រ​ មុន​ពេល​ចូល​គេង អាច​បង្កើន​កម្រិត​ថប់បារម្ភ និង​ស្ត្រេស ពិសេស​ពេល​បាន​មើល​រឿង ឬ​ព័ត៌មាន​រន្ធត់​ធ្វើ​ឱ្យ​​អារម្មណ៍ខ្លាច​លើស​ដើម។ លើស​ពី​នេះ ពន្លឺ​របស់​គ្រឿង​អេឡិចត្រូនិក​ទាំងនោះ ប៉ះពាល់​ទៅ​ដល់​ផលិតកម្ម​ (មេទ្បាតូនីន) melatonin ​នៅ​ក្នុង​រាងកាយបណ្ដាលឱ្យ​​ពិបាក​គេង​លក់។ ៤.បន្លប់​ខ្លួន​ឯង៖ បន្ទាប់​ពី​ទុក​គ្រឿង​អេឡិចត្រូនិក​អស់​នោះ​ចោល​ហើយ យើង​អាច​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ទៀត ដើម្បី​បន្លប់​ខ្លួន​ឯង​ឱ្យ​ឆាប់​ងងុយ​គេង។ ​អាច​បែរ​ទៅអានសៀវភៅប្រលោមលោក សៀវភៅ​ត្លុក ឬ​អង្គុយ​សរសេរ​កំណត់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ថ្ងៃ​ក៏​បាន។ ការ​ធ្វើ​សកម្មភាព​បែប​នេះ ​អាច​ជួយ​បន្លប់​ខួរក្បាល​មិន​គិត​ច្រើន និងជួយ​ឱ្យ​គេង​បាន​លក់​ស្រួល៕ អត្ថបទដោយ៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត