
ក្រុងសិរីសោភ័ណ៖ មនុស្សប្រុសស្រីចំនួន១៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធការជួញដូរថ្នាំញៀន និងកាន់កាប់អាវុធកែច្នៃ ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការឱ្យដឹងពីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦...។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការបោសសម្អាតក្រុមឧក្រិដ្ឋជនខាងលើ ធ្វើឡើងតាំងពីថ្ងៃទី០៧កុម្ភៈមកម៉្លេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានបើកការស្រាវជ្រាវរហូតការចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ សរុបចំនួន១៦នាក់ បញ្ជូនបន្តមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។

យ៉ាងណា បន្ទាប់ពីសាកសួររួច នៅចំពោះមុខមន្រ្តីជំនាញជនល្មើសទាំងនោះ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយថែមទាំងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតប្រាកដមែន។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាប្រភេទអាវុធកែច្នៃ ៣ដើម រួមទាំងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា និងប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) មួយចំនួនធំ ព្រមទាំងសម្ភារមានតម្លៃជាច្រើនទៀតផងដែរ៕






