រដ្ឋជួបសន្ទនាជាមួយក្រុមហ៊ុនចិនចំនួន៨០ ពិនិត្យដោះស្រាយបញ្ហា និងបង្កើនទំនុកចិត្តវិនិយោគ
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ កិច្ចសន្ទនាលើកដំបូងរវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន ត្រូវបានរៀបចំឡើងជាលើកដំបូង ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ដើម្បីពិនិត្យដោះស្រាយបញ្ហា និងបង្កើនទំនុកចិត្តដល់ការវិនិយោគបន្តទៀត…។

កិច្ចសន្ទនាដែលប្រព្រឹត្តទៅនៅថ្ងៃទី៩កុម្ភៈ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ លោក ស៊ុន​ ចាន់ថុល បានថ្លែងថា កិច្ចសន្ទនានេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ឱកាសដល់វិនិយោគិនចិន ដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។ ចាប់ពីពេលនេះ កិច្ចសន្ទនាខាងលើនឹងត្រូវរៀបចំជាប្រចាំរៀងរាល់៦ខែម្ដង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ខណៈចិនគឺជាអ្នកវិនិយោគ និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកកិច្ចសន្ទនានេះមានសារសំខាន់ខ្លាំង ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកថា ការវិនិយោគរបស់ចិននៅកម្ពុជាបានបង្កើតការងារជាង១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។ គិតត្រឹមឆ្នាំ២០២៦ ចិនឈរលំដាប់លេខ១ ដែលបានបោះទុនវិនិយោគច្រើនជាងគេ ពោលប្រមាណ៥៤ភាគរយ នៃវិនិយោគិនដែលបណ្ដាក់ទុននៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត