
រាជធានីភ្នំពេញ៖ មន្ត្រីកម្ពុជាតាមរយៈក្រសួងសុខាភិបាល កំពុងពិភាក្សាអំពីលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសគុយបា លើវិស័យជីវឱសថ ដោយផ្តោតលើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២៦..។

ក្រសួងបញ្ជាក់ថា ការពិភាក្សានេះ ធ្វើឡើងកាលថ្ងៃទី៩កុម្ភៈ តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ង៉ូវ កាង រួមជាមួយលោកស្រីឯកអគ្គរដ្ឋទូតគុយបា មីឡេណា ការីដាដ ហ្សាល់ឌីវ៉ា ប៉េដ្រា និងលោកវេជ្ជបណ្ឌិត ប៉េដ្រូ កាមីឡូ រ៉ូឌ្រីហ្គេស (Pedro Camilo Rodríguez Rodríguez) ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនគុយបា BIO CUBA FARMA។ ក្នុងជំនួប ភាគីទាំងពីរបានជជែកពីការជំរុញគំរូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ សម្រាប់ការនាំចូល និងការប្រើប្រាស់ផលិតផលជីវឱសថ របស់ប្រទេសគុយបា ផ្តោតសំខាន់លើការព្យាបាល ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ស្របតាមតម្រូវការព្យាបាល និងអាទិភាពសុខាភិបាលកម្ពុជា។

ទន្ទឹមនោះ មន្ត្រីកម្ពុជា បានលើកឡើងបន្ថែមពីសារសំខាន់នៃការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផល ដោយគោរពតាមបទប្បញ្ញត្តិជាធរមាន។ ក្រៅពីនេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត និងសហការី ដែលតែងតែគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងនាកន្លងមក។ លោករំឭកថា កម្ពុជា-គុយបា មានកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធវិជ្ជាជីវៈ អ្នកជំនាញ ការគាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាល។ លើសពីនេះ លោកស្រីឯកអគ្គរដ្ឋទូត តែងគាំទ្រក្រសួងចំពោះសកម្មភាព ក្រោមកិច្ចសហប្រតិបត្តិការ ដែលមានគោលបំណងរួមចំណែកដល់ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា៕







