
ក្រុងស្ទឹងសែន៖ ក្រុមហ៊ុន ជាហ្គួ អេហ្គ្រីខលឆឺរ័ល ថេកណឡជី (ខេមបូឌា) ឯ.ក ផលិតដំណាប់ស្វាយ និងគ្រាប់ស្វាយចន្ទីនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានមន្រ្តីជំនាញផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដោយសារ រកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២៦...។

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា កាលពីថ្ងៃទី៩កុម្ភៈ មន្រ្តីជំនាញបានចុះត្រួតពិនិត្យក្រុមហ៊ុនខាងលើ រកឃើញការបញ្ចេញផ្សែងចេញពីបំពង់ឡចំហាយ ដោយលទ្ធផលទទួលបាន លើសកម្រិតកំណត់ស្ដង់ដារ។ មួយវិញទៀត ក្រុមហ៊ុនបានបើកដំណើរការ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ ពុំមានកិច្ចសន្យាបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន។ ក្នុងនោះ ក្រុមហ៊ុនមិនមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រឡាយ និងអាចហូរចូលស្ទឹងធម្មជាតិនៅពេលបរិមាណសំណល់រាវច្រើន។ ក្រុមហ៊ុនបានប្រព្រឹត្តិល្មើសច្បាប់ ដោយទុកដាក់សំណល់មិនបានត្រឹមត្រូវ និងបានដុតសំរាម។

មន្រ្តីបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ឈប់ការបញ្ចេញសំណល់រាវកខ្វក់ជាបន្ទាន់។លើសពីនេះ ត្រូវទុកដាក់សំណល់សំបក និងគ្រាប់ស្វាយឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតដុតសំណល់គ្រប់ប្រភេទ។ កែសម្រួលប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដារ ក៏ដូចជារៀបចំរបាយការណ៍ និងផ្ដល់សំណងការខូចខាតបរិស្ថាន តាមការគណនាជាក់ស្ដែង៕






