
រាជធានីបាងកក៖ យោធាជើងទឹកថៃ បានបណ្តេញប្រជានេសាទនៅលើលម្ហសមុទ្ទក្នុងដែនទឹកកម្ពុជា ខណៈពួកគេធ្វើសកម្មភាពនេសាទត្រីដូចសព្វមួយដង ស្រាប់តែពេលនេះ យោធាជើងទឹកថៃឈ្លានពាន បានអះអាងថា ជាដែនទឹករបស់ខ្លួន និងហាមពលរដ្ឋខ្មែរធ្វើការនេសាទ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦...។

កាសែតថៃ The Nation បានចុះផ្សាយថា ប្រជានេសាទកម្ពុជា ចូលនេសាទក្នុងដែនទឹកប្រទេសថៃ ដូច្នេះ យោធាថៃមានសិទ្ធិក្នុងការបណ្តេញពួកគេចេញពីដែនអធិបតេយ្យរបស់ថៃ។ បញ្ជាការដ្ឋានកងទ័ពជើងទឹកថៃ ប្រចាំតំបន់ដែនទឹកទី១ បានចោទប្រកាន់ទាំងងងើលថា ទូកនេសាទមានទង់ជាតិកម្ពុជាមួយចំនួនធំ កំពុងនេសាទខុសច្បាប់នៅក្នុងដែនទឹកថៃ ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខសមុទ្ទ។ ជាការឆ្លើយតប ប្រជានេសាទកម្ពុជាម្នាក់ក្នុងចំណោមប្រជានេសាទដែលត្រូវបានយោធាថៃបណ្តេញ បញ្ជាក់ថា ដែនទឹកទាំងនោះ ស្ថិតក្នុងអធិបតេយ្យកម្ពុជា ពួកគេតែងធ្វើការនេសាទនៅក្នុងដែនទឹកនេះជាប់ជាប្រចាំ ពុំធ្លាប់មានយោធាថៃណាឆ្លងដែនចូលមកដេញពួកគេដូចពេលនេះឡើយ។ ការបញ្ចេញនាវាល្បាតប្រដាប់ដោយអាវុធ មកប្រដេញទូកនេសាទពលរដ្ឋកម្ពុជាស្លូតត្រង់បែបនេះ គឺជាការរំលោភបំពានមកលើទូកនេសាទខ្មែរយ៉ាងធ្ងន់ធ្ងរ។

ចំណែក លោក ឆៈលើមជ័យ សួនកែវ (เฉลิมชัย สวนแก้ว) មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី១ បានបញ្ជាឱ្យមេបញ្ជាការអង្គភាពទូកល្បាតឈូងសមុទ្ទថៃ ដាក់ពង្រាយទូកល្បាត T.996 និង T.265 ត្រួតពិនិត្យតំបន់នោះ ដោយកងនាវាបញ្ជាក់ថា ទូកនេសាទកម្ពុជា ប្រហែល២៥គ្រឿងកំពុងនេសាទឆ្លងព្រំដែនសមុទ្ទថៃ-កម្ពុជា។ បន្ទាប់មកយោធាជើងទឹកថៃ ឱ្យទូកនេសាទកម្ពុជាទាំងនោះ បានប្តូរទិសដៅ បង្កើនល្បឿន ហើយត្រឡប់មកឆ្នេរសមុទ្ទកម្ពុជាវិញ។ ភ្លាមៗ..ទូកនេសាទកម្ពុជាទាំងអស់នោះ បានបើកបកក្រោយតាមការបញ្ជារបស់កងទ័ពជើងទឹកថៃ ទើបគ្មានការប៉ះទង្គិចគ្នាកើតឡើង។

សូមជម្រាបថា ការបញ្ជូននាវាល្បាតមកប្រដេញទូកនេសាទកម្ពុជា គឺជាការបង្ហាញអាកប្បកិរិយាបង្កហេតុសាជាថ្មី និងកំពុងគំរាមកំហែងដល់ប្រជានេសាទស្លូតត្រង់កម្ពុជា លើលម្ហសមុទ្ទ។ មែនទែនទៅ នេះមិនមែនជាលើកទីមួយទេ ដែលយោធាថៃបង្ហាញចរិតក្រអឺតក្រទមនៅតាមព្រំដែនសមុទ្ទ និងព្រំដែនគោក ដោយពួកគេយកលេសការពារដែនទឹក ដើម្បីធ្វើទុក្ខបុកម្នេញដល់ប្រជានេសាទខ្មែរ ដែលរកស៊ីសុចរិតក្នុងតំបន់ដែនទឹករបស់ខ្លួន ប៉ុន្តែភាគីថៃបែរជាទាមទារដោយខុសច្បាប់ និងជាឯកតោភាគី។ បច្ចុប្បន្ន នាវាថៃនៅតែបន្តឈរជើងល្បាតក្នុងតំបន់នោះ ជាសញ្ញានៃការត្រៀមលក្ខណៈបង្កជម្លោះបន្ថែមទៀត។ យ៉ាងណា ភាគីកម្ពុជានៅរក្សាការអត់ធ្មត់ និងកំពុងតាមដានយ៉ាងដិតដល់ ចំពោះទង្វើរបស់កងទ័ពជើងទឹកថៃ ដែលតែងប្រើឥទ្ធិពលយោធា ដើម្បីគ្រប់គ្រងតំបន់ដែនសមុទ្ទខ្មែរទាំងបំពាន និងព្យាយាមបង្ករឿង ដើម្បីបង្កាត់ភ្លើងជម្លោះ៕






