
រាជធានីបាងកក៖ បន្ទាប់ពីទទួលបានអាសនៈភាគច្រើននៅក្នុងសភា អនុទីន ឆានវីរគុល នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី៣៣ នាពេលអនាគត ប៉ុន្តែមនុស្សមួយចំនួនយល់ថា តើសំឡេងឆ្នោតដែល អនុទីន បានមកពីអ្នកគាំទ្រតាំងដែលខ្លួនមិនហ៊ានស្រមៃដល់នេះ ជាយុទ្ធសាស្ត្រនយោបាយ ឬមានអំណាចអាថ៌កម្បាំងរង់ចាំជួយពីក្រោយខ្នង...? ដ្បិតពលរដ្ឋថៃដែលជាក្រុមយុវជនភាគច្រើនជឿថា ការបោះឆ្នោតកាលពីថ្ងៃទី០៨កុម្ភៈម្សិលមិញ គ្មានតម្លាភាព និងគ្មានភាពស្អាតស្អំ...។

តើគោលនយោបាយនៃយុទ្ធនាការរបស់បក្សភូមិចៃថៃ មានអ្វីខ្លះ ទើបអាចសណ្តំស្មារតី និងអន្ទងចិត្តពលរដ្ឋថៃបានច្រើនសម្បើមបែបនេះ...? មែនទែនទៅ គណបក្សភូមិចៃថៃ ត្រូវបានគេចាត់ទុកថា ជាបក្សអភិរក្សនិយមដ៏ធំ ដែលបានធ្វើយុទ្ធនាការលើគោលនយោបាយជាច្រើន ស្របពេលប្រទេសថៃ កំពុងប្រឈមមុខនឹងបញ្ហាច្រើនឥតគណនា រួមទាំងការដាំក្បាលចុះនៃសេដ្ឋកិច្ច ការព្យាករកំណើនផលិតផលក្នុងស្រុកសរុបខ្សោយជាងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ភាពមិនប្រាកដប្រជាបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក ជម្លោះតាមបណ្តោយព្រំដែនថៃ-កម្ពុជា និងថៃ-ភូមានាពេលកន្លងមក។ យ៉ាងណា នៅក្នុងស្រមោលនៃមហិច្ឆតាឈ្លានពានកម្ពុជា គោលនយោបាយយុទ្ធសាស្ត្ររបស់គណបក្សភូមិចៃថៃ ដំបូងគេ គឺ គោលនយោបាយសន្តិសុខ «ការសាងសង់ជញ្ជាំង»។ ការលើកឡើងអំពីការសាងសង់ជញ្ជាំងព្រំដែន ហាក់កំពុងបង្ហាញពីផែនការដ៏អាថ៌កម្បាំងនៃគោលនយោបាយរបស់លោក អនុទីន នូវចេតនាទុច្ចរិតមកលើកម្ពុជា។ ដើម្បីសន្លឹកឆ្នោត លោក អនុទីន បានស្រែកក្តែងៗអំពីផែនការសាងសង់ជញ្ជាំង ដើម្បីខណ្ឌដែនសីមាព្រំដែនជាមួយកម្ពុជា បន្ទាប់ពីយោធាថៃឈ្លានពានពាននាពេលថ្មីៗ។ (Sic)

យុទ្ធនាការឃោសនាបោះឆ្នោតបង្កប់នូវមហិច្ចតាឈ្លានពានមួយទៀត គឺការដោះដូរអង្ករ និងផលិតផលកសិកម្ម ប្តូរយកយន្តហោះចម្បាំង និងនាវាមុជទឹក ឬនាវាចម្បាំង។ នេះបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សថា នៅក្នុងក្រសែភ្នែកលោក អនុទីន នៅតែបន្តដាក់គំនាបលើប្រទេសតូចជាង ដោយបានបញ្ជាទិញសព្វាវុធទំនើបៗ ក្នុងបំណងបំពេញមហិច្ឆតាបង្កសង្គ្រាម និងបន្តការឈ្លានពានលើកម្ពុជា ក៏ដូចជាគំរាមកំហែងប្រទេសក្បែរខាងផ្សេងទៀតផងដែរ ពិសេសឡាវ និងភូមា។ ក្រៅពីនេះ គណបក្សភូមិចៃថៃ ក៏មានយុទ្ធនាការជំរុញសេដ្ឋកិច្ចតាមរយៈគម្រោង «ពាក់កណ្តាលបូកពាក់កណ្តាល» ដែលបានស្នើឡើង។ ក្រោមគោលនយោបាយនេះ រាជរដ្ឋាភិបាល នឹងឧបត្ថម្ភពាក់កណ្តាលនៃការចំណាយប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងបំណងជំរុញការប្រើប្រាស់ក្នុងស្រុក។ លើសពីនេះ គោលនយោបាយការបរទេស នៅតែជាយុទ្ធនាការដ៏សំខាន់របស់បក្សភូមិចៃថៃ ដើម្បីច្បាមយកសន្លឹកឆ្នោត។

កំលុងពេលឃោសនាបោះឆ្នោត គណបក្សភូមិចៃថៃ សន្យាផ្តោតលើវិធីសាស្ដ្រការទូតប្រកបដោយភាពសកម្ម និងទូលំទូលាយ ដោយគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ល។ គោលនយោបាយជាយុទ្ធសាស្ត្រចុងក្រោយ គឺតម្លៃអគ្គិសនីត្រូវបានកំណត់ឱ្យនៅក្រោម៣បាតដោយ បក្សភូមិចៃថៃ បានសន្យាថា នឹងបញ្ចុះតម្លៃអគ្គិសនីឱ្យនៅតិចជាង៣បាតក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់២០០គីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ដោយគ្រួសារ។ សូមជម្រាបថា នយោបាយយុទ្ធសាស្ត្ររបស់ អនុទីន គឺជាល្បែងនយោបាយដ៏មានប្រសិទ្ធភាព ក្នុងការច្បាមយកប្រជាប្រិយភាព និងសំឡេងគាំទ្រដ៏ច្រើនលើសលុបពីការរំពឹងទុក ខណៈជម្លោះព្រំដែនកម្ពុជា-ថៃ គឺព្រួញដ៏មុតស្រួចបាញ់ចំបេះដូងពលរដ្ឋថៃ ដែលចិញ្ចឹមមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ជាយូរមកហើយ ទើបពួកគេប្តូរចិត្តទាញដៃគូសឱ្យអនុទីនតែម្ដង។

យ៉ាងណា ដំណឹងមានលេចធ្លាយពីប្រជាពលរដ្ឋថៃ បង្ហាញថា ការដែល អនុទីន ទទួលបានសំឡេងឆ្នោតច្រើនស្ទើរនឹកស្មានមិនដល់នេះ ក៏ព្រោះតែមានឥទ្ធិពលអាថ៌កម្បាំងដ៏ធំមួយមានអំណាចមហាសាលនៅក្នុងប្រទេសថៃ ចាំជួយគាំទ្រពីក្រោយ ទើបធ្វើឱ្យគណបក្សប្រជាជន[ថៃ]ដែលការស្ទង់មតិឃើញថា មានប្រៀបខ្លាំងជាងគេដាច់ទៅហើយនោះបែរជាមកក្អួតឈាមវិញនោះ ក៏ព្រោះតែគោនយោបាយរបស់បក្សមួយនេះ នៅតែចង់ធ្វើវិសោធនកម្មមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ៕



