
រាជធានីភ្នំពេញ៖ «ក្រុមអឺរ៉ុប» រួមមាន៖ សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង, និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានរួមគ្នាដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន១០៥លានអឺរ៉ូ ឬស្នើនិងប្រមាណ១២៥លានដុល្លារអាម៉រិក លើកការកែលម្អ និងសាងសង់ផ្លូវក្នុងខេត្តចំនួន៧នៅកម្ពុជា។ នេះបើតាមសំណេរចុះផ្សាយលើគណនីហ្វេសប៊ុក សហភាពអឺរ៉ុបប្រចាំកម្ពុជា...។

សហភាពអឺរ៉ុប បានឱ្យដឹងថា តាមរយៈគម្រោងវិនិយោគសរុបចំនួន១០៥លានអឺរ៉ូនេះ ក្រុមអឺរ៉ុប ឬ(Europe Team) នឹងយកទៅស្តារ កែលម្អផ្លូវជនបទប្រវែងប្រមាណ៥៥០គីឡូម៉ែត្រនៅក្នុងខេត្តបាត់ដំបង, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, កំពង់ធំ, ព្រៃវែង និងព្រះវិហារ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្កូ ទ្រីសម៉ាន់ កាលពីថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៦ បានចុះទៅពិនិត្យផ្លូវជនបទក្រាលកៅស៊ូ ដែលទើបធ្វើរួចក្នុងខេត្តបាត់ដំបង ដើម្បីមើលពីវឌ្ឍនភាពនៃគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។

លោកគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនកំពុងត្រូវបានកែលម្អឡើងវិញ ដើម្បីធានាថា សហគមន៍មូលដ្ឋានអាចធ្វើដំណើរងាយស្រួលទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព បានពេញមួយឆ្នាំ ទោះបីក្នុងស្ថានភាពប្រែប្រួលអាកាសធាតុយ៉ាងណាក៏ដោយ។ សហភាពអឺរ៉ុបថែមទាំងបានប្រើពាក្យស្លោកថា៖«ផ្លូវល្អ ជីវិតកាន់តែប្រសើរ»។ គួរឱ្យដឹងថា ក្នុងកំលុងពេលយោធាថៃឈ្លានពានបើកការបាញ់ប្រហារមកលើកម្ពុជា ផ្លូវតាមបណ្ដាលខេត្តជាប់ព្រំដែនរងការខូចខាតយ៉ាងដំណំ ជាក់ស្តែង គ្រាន់តែខេត្តបន្ទាយមានជ័យ មានផ្លូវដល់ទៅ៨០ខ្សែបានរងនូវការខូចខាត៕





