
ក្រុងបាត់ដំបង៖ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានបន្តអូសបន្លាយរយៈពេលជាងមួយខែមកហើយ ចាប់តាំងពីមានការលួចឆ្មក់ចូលឈ្លានពានបាញ់សម្លាប់យោធាកម្ពុជា ដោយយោធាថៃ កាលពីថ្ងៃទី២៨ឧសភាកន្លងទៅ។ ជម្លោះដ៏តាមតឹងនេះ បានបង្ខំឱ្យពលរដ្ឋខ្មែរប្រមាណ៣៨១២នាក់ នាំគ្នាឆ្លងដែនមកស្រុកកំណើតវិញតាមច្រកនានាក្នុងខេត្តបាត់ដំបង ពោលគឺគិតចាប់ពីថ្ងៃទី២៧ដល់២៩មិថុនា ឆ្នាំ២០២៥...។

បើតាមរបាយការណ៍ចុះផ្សាយដោយក្រសួងព័ត៌មាន ពលរដ្ឋខ្មែរដែលវិលត្រឡប់មកវិញ ឆ្លងកាត់តាមច្រកព្រំដែនខេត្តបាត់ដំបងក្នុងរយៈពេលបីថ្ងៃចុងសប្តាហ៍កន្លងទៅ មាន៣៨១២នាក់ ក្នុងនោះមានស្ត្រី១៧០៨នាក់ និងកុមារចំនួន១២៤នាក់។ «ខេត្តបាត់ដំបង» បច្ចុប្បន្នមានច្រកទ្វារព្រំដែនជាប់ជាមួយភាគីថៃចំនួន៥ គឺច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន៖ ច្រកទ្វារអន្តរជាតិដូង និងច្រកទ្វារអន្តរជាតិភ្នំដី, ច្រកទ្វារតំបន់អូរអន្លក់ ច្រកតំបន់អូររំដួល និងច្រកតំបន់៤០០។ ទន្ទឹមនឹងការវិលត្រឡប់មកវិញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនេះ អាជ្ញាធរតំបន់អះអាងថា បានសហការជាមួយបណ្តាខេត្តមួយចំនួន ដើម្បីដឹកជញ្ជូនពលរដ្ឋទាំងទោះទៅតាមបណ្តាខេត្តនានារបស់ពួកគេរៀងៗខ្លួន។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៤មិថុនា ឆ្នាំ២០២៥ បានប្រកាសហៅពលរដ្ឋខ្មែរឱ្យវិលត្រឡប់ចូលមាតុភូមិវិញ ក្រោមហេតុផលបារម្ភពីសុវត្ថិភាព បន្ទាប់ពីសម្តេចយល់ឃើញថា ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបពលរដ្ឋខ្មែរដែលស្នាក់នៅធ្វើការនៅប្រទេសថៃ។ មួយវិញទៀតសម្តេចមើលឃើញថា ជម្លោះព្រំដែន កម្ពុជា-ថៃ នឹងអូសបន្លាយរយៈពេលយូរ។ ការអំពាវនាវរបស់ សម្តេចតេជោ ធ្វើឡើងក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្ទុះឡើងនៅតំបន់មុំ៣ ដោយភាគីថៃចូលឈ្លានពានទឹកដីកម្ពុជា ហើយប្រកាសបិទព្រំដែនដោយឯកតោភាគី៕




