លាហើយមូស្គូ! វៀតណាមធីបសព្វាវុធរុស្ស៊ី ងាកទៅចាប់អាវុធបស្ចិមលោក
ហៀប ស៊ីថេត
10 កុម្ភៈ 2026 05:30 AM

រដ្ឋធានីហាណូយ​៖ វៀតណាម​គឺ​ជា​ឃ្លាំងសព្វាវុធរុស្ស៊ីដ៏សំខាន់បំផុត​មួយ​នៅ​អាស៊ី​គ្នេយ៍ជាមួយនឹងការ​បំពាក់​នូវយន្តហោះ​ចម្បាំង​​យ៉ាង​ពេញលេញដូចជា Su-22, Su-27, Su-30 និង Yak-130។ យ៉ាងណា ថ្មីៗនេះ វៀតណាម​បានប្រកាសពី​ផែនការ​ធ្វើពិពិធកម្ម​ការផ្គត់ផ្គង់​អាវុធដោយខ្លួនឯង និងប្រកាសឈានជើងចូលទៅក្នុងពិភពបច្ចេកវិទ្យាយោធាលោកខាងលិច និងសហរដ្ឋអាម៉េរិក ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក និងផ្តេកផ្តួល​លើ​អាវុធរុស្ស៊ី។ នេះបង្ហាញឱ្យឃើញថា រុស្ស៊ី​ហាក់ដូចជា​កំពុង​បាត់បង់​ទីផ្សារ​អាវុធ​ដ៏ធំបំផុតរបស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ជាបណ្តើរៗហើយ...។

របាយការណ៍​ថ្មីៗ​បង្ហាញថា រដ្ឋធានីហាណូយ និង​បារាំង​​ សម្រេចបាន​វឌ្ឍនភាព​ក្នុងកិច្ចចរចា​លើ​ការទិញ​ពេជ្ឈឃាតចម្បាំងលើមេឃ Dassault Rafale ដ៏មាន​សក្តានុពល នេះបើយោងតាម​របាយការណ៍ចេញផ្សាយដោយ Defense Express។ ជាមួយគ្នានេះ ការសម្រេចដើរចេញពីឃ្លាំងសព្វាវុធរបស់​រុស្ស៊ី​នេះ ​ក៏​កំពុង​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងទៀត​នៃ​ការធ្វើ​ទំនើបកម្ម​យោធា​របស់​វៀតណាម​ផងដែរ។ ជាក់ស្តែង ជំនួស​ឱ្យ​ការ​ទទួល​បាន​រថក្រោះ​ចម្បាំង​សំខាន់ៗ ដូចជា T-90S វៀតណាម​បាន​ជ្រើសរើស​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​រថក្រោះ T-54 និង T-55 ចាស់ៗ​របស់​ខ្លួន ដោយ​មាន​ជំនួយ​គាំទ្រពី​អ៊ីស្រាអែល។ គេនៅចាំបានថា រដ្ឋធានីហាណូយ ធ្លាប់បានបញ្ជាទិញយុទ្ធោបករណ៍របស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃប្រហែល៤០០លានដុល្លារ រួមទាំងនាវាឆ្មាំសមុទ្ទ និងយន្តហោះហ្វឹកហាត់ ហើយនៅក្នុងផែនការនោះ ក៏មានការបញ្ជាទិញយន្តហោះដឹកជញ្ជូនយោធា C-130J ផងដែរ។

លើសពីនេះ វៀតណាមក៏បានធ្វើកិច្ចពិភាក្សាជាមួយសហរដ្ឋអាម៉េរិកទាក់ទងនឹងការទិញយន្តហោះចម្បាំង F-16 ផងដែរ។ ទោះជាយ៉ាងណា អ្នកវិភាគកត់សម្គាល់ថា មិនទាន់មានវឌ្ឍនភាពជាក់ស្តែងណាមួយ ត្រូវបានសម្រេចបាននៅក្នុងកិច្ចពិភាក្សាទាំងនេះនៅឡើយទេ។ អ្នកជំនាញសង្កត់ធ្ងន់ថា ការងាកចេញពីយន្តហោះចម្បាំងរុស្ស៊ី ទៅកាន់លោកខាងលិច នឹងតម្រូវឱ្យវៀតណាមកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានរបស់ខ្លួនឱ្យធំទូលាយជាងមុន និងបង្កើតឃ្លាំងស្តុកអាវុធដែនអាកាសថ្មីបន្ថែមទៀត។ ក្រៅពីនេះ វៀតណាមក៏បានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ K9 ទំហំ១៥៥មីលីម៉ែត្រពីកូរ៉េខាងត្បូងផងដែរ។ ទាំងនេះ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា វៀតណាមកំពុងប្រាប់ពិភពលោកថា ខ្លួនលែងចង់ជ្រកក្រោមឥទ្ធិពលអាវុធរបស់រុស្ស៊ី ដែលកំពុងជាប់ផុងក្នុងសង្គ្រាមនៅអ៊ុយក្រែនទៀតហើយ ប៉ុន្តែខ្លួនចង់ក្លាយជាកម្លាំងយោធាដ៏រឹងមាំមួយ ដោយពឹងលើដង្ហើមខ្លួនឯង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត