
រដ្ឋធានីហាណូយ៖ ទោះបីវៀតណាម និងសហរដ្ឋអាម៉េរិក បានដំឡើងកម្រិតទំនាក់ទំនងការទូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំមុន ប៉ុន្តែឯកសារផ្ទៃក្នុងរបស់កងទ័ពវៀតណាមដែលទើបបែកធ្លាយ បានបង្ហាញពីការសង្ស័យ និងការត្រៀមលក្ខណៈទប់ទល់នឹង«សង្គ្រាមឈ្លានពាន»ពីសំណាក់រដ្ឋធានីវ៉ាស៊ីនតោន។

យោងតាមរបាយការណ៍ពីអង្គការសិទ្ធិមនុស្ស (The 88 Project) ចេញផ្សាយនៅថ្ងៃទី៣ខែកុម្ភៈនេះ បានឱ្យដឹងថា យោធាវៀតណាមនៅតែចាត់ទុកសហរដ្ឋអាម៉េរិក ជាមហាអំណាចដែលមាន«បំណងអាក្រក់» និងអាចបង្កហានិភ័យដល់សន្តិសុខជាតិរបស់ខ្លួន។ ឯកសារសម្ងាត់នោះ បានបង្ហាញឱ្យឃើញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ដវៀតណាម ចំពោះអ្វីដែលពួកគេហៅថា «បដិវត្តន៍ពណ៌» ដែលជាការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដូចដែលធ្លាប់កើតមាននៅអ៊ុយក្រែន និងហ្វីលីពីន កាលពីអតីតកាល។ លោក បេន ស្វេនតុន (Mr.Ben Swanton) នាយកអង្គការខាងលើបញ្ជាក់ថា នេះមិនមែនជាការយល់ឃើញរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាជា «មតិឯកភាពរួម» ក្នុងចំណោមក្រសួងស្ថាប័នសំខាន់ៗរបស់វៀតណាម ដែលនៅតែមានភាពមិនទុកចិត្តចំពោះចេតនាពិតប្រាកដរបស់អាម៉េរិក។

ការទម្លាយឯកសារនេះ បានបង្ហាញពីនយោបាយ «មុខពីរ» របស់រដ្ឋធានីហាណូយ ដែលម្ខាងខិតខំទាក់ទាញវិនិយោគិន និងពង្រឹងសន្តិសុខជាមួយអាម៉េរិក ដើម្បីទប់ទល់នឹងឥទ្ធិពលចិន ប៉ុន្តែម្ខាងទៀតបែរជារៀបចំផែនការយោធាការពារខ្លួនពីអាម៉េរិកទៅវិញ។ ការបែកធ្លាយនេះ អាចនឹងធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរជួបភាពរអាក់រអួល ខណៈអាម៉េរិកកំពុងព្យាយាមអូសទាញវៀតណាមឱ្យមកក្បែរខ្លួន កាន់តែខ្លាំងក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក៕



