វៀតណាម ទិញសិទ្ធិផលិតដ្រូនអត្តឃាតពីអ៊ីស្រាអែល សម្រួចចង្កូមយោធាឱ្យកាន់តែមុតស្រួច
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ក្រសួងការពារជាតិវៀតណាម ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rafael Advanced Defense Systems (រ៉ាហ្វាអែល អេដវ៉ាន ឌិហ្វេន ស៊ីសស្ទឹម) របស់អ៊ីស្រាអែល ដើម្បីបំពាក់កងទ័ពវៀតណាមជាមួយនឹងយន្តហោះគ្មានមនុស្សបើកអត្តឃាត Maoz (ម៉ាវហ្ស៍) ឬ Spike Firefly (ស្បាយក៍ ហ្វាអឺហ្វ្លាយ) ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ២៥០លានដុល្លារ។

កិច្ចព្រមព្រៀងនេះ រួមមានការបង្កើតរោងចក្រផលិតនៅក្នុងប្រទេសវៀតណាម ដែលគាំទ្រដល់ការផលិតប្រព័ន្ធយន្តហោះគ្មានមនុស្សបើកអត្តឃាត Maoz ឬ Spike Firefly។ រោងចក្រនេះ នឹងដំណើរការក្រោមអាជ្ញាបណ្ណដែលចេញដោយក្រុមហ៊ុន Rafael ជាមួយនឹងចំណេះដឹងបច្ចេកទេសដែលបានផ្ទេរពីអ៊ីស្រាអែល។ ការផលិតនឹងត្រូវបានអនុវត្តដោយក្រុមហ៊ុនវៀតណាមក្នុងស្រុកផ្ទាល់ ដោយត្រូវបានចាត់តាំងឱ្យដំណើរការរោងចក្រនេះ។ នេះបើតាមយោងតាមរបាយការណ៍ពីគេហទំព័រមួយឈ្មោះ Intelligence Online (អ៊ិនថេលលិជិន អនឡាញ)។ កញ្ចប់ដែលវៀតណាមជ្រើសរើស គឺយន្តហោះគ្មានមនុស្សបើកអត្តឃាត Maoz ឬ Spike Firefly។ វាមិនមែនជាមីស៊ីលនាំផ្លូវទេ ប៉ុន្តែជាប្រភេទដ្រូនអត្តឃាតដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារ។ ប្រព័ន្ធនេះត្រូវបានបាញ់ចេញពីធុងចល័ត ទៅលើតំបន់គោលដៅជាក់លាក់ ហើយបំផ្ទុះកម្ទេចគោលដៅ ស្របតាមបញ្ជារបស់ប្រតិបត្តិករ។

Spike Firefly ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ដោយកងកម្លាំងជើងគោក ដើម្បីវាយប្រហារលើគោលដៅស្មុគស្មាញ ជាពិសេសនៅក្នុងបរិវេណទីក្រុង។ នៅពេលដែលដ្រូនអត្តឃាតនេះហោះចេញពីទីតាំង វាផ្តល់វីដេអូ និងពេលវេលាជាក់ស្តែងដល់ប្រតិបត្តិករ ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់គោលដៅមុនពេលបំផ្ទុះ។ បន្ទាប់ពីការបាញ់បង្ហោះ ប្រតិបត្តករអាចបញ្ឈប់បេសកកម្មភ្លាមៗ ប្រសិនបើចាំបាច់។ ដ្រូនអត្តឃាត Spike Firefly អាចប្រតិបត្តិការបានរហូតដល់៥គីឡូម៉ែត្រ អាស្រ័យលើទម្រង់នៃបេសកកម្មជាក់ស្តែង។ ប្រព័ន្ធនេះត្រូវបានបំពាក់ដោយថាមពលអគ្គិសនី និងបានធ្វើឱ្យប្រសើរឡើងសម្រាប់បេសកកម្មគាំទ្រដល់កងទ័ពថ្មើរជើង អង្គភាពពិសេស និងកងកម្លាំងស្រាលដែលប្រតិបត្តិការនៅខ្សែត្រៀមជួរមុខ។ នេះបើយោងតាមទិន្នន័យបច្ចេកទេស ដែលចេញផ្សាយដោយក្រុមហ៊ុន Rafael។

គួររំឭកថា ដ្រូនអត្តឃាត Maoz ឬ Spike Firefly ត្រូវបានប្រើប្រាស់រួចហើយដោយកងកម្លាំងការពារអ៊ីស្រាអែល ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅហ្កាហ្សា។ កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការការពារជាតិដែលកំពុងបន្តរវាងអ៊ីស្រាអែល និងវៀតណាម ខណៈវៀតណាម បានពង្រីកខ្លួនជាលំដាប់ក្នុងវិស័យការពារជាតិ នៅប៉ុន្មានឆ្នាំថ្មីៗនេះ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាការបន្លឺសំឡេងស៊ីរ៉ែនប្រាប់ទៅសមាជិកតំបន់ផ្សេងទៀតថា វៀតណាមមិនត្រឹមតែចង់ការពារខ្លួនឡើយ ប៉ុន្តែវៀតណាមកំពុងព្យាយាមរលាស់ខ្លួន ឱ្យរឹតតែខ្លាំក្លា និងឈានដល់កម្រិតខ្ពស់ផ្នែកបច្ចេកវិទ្យាយោធាក្នុងតំបន់ ដែលគេមិនអាចមើលរំលងបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត