
រដ្ឋធានីម៉ានីល៖ ស្ថានភាពនយោបាយនៅប្រទេសហ្វីលីពីន កាន់តែមានភាពតានតឹងខ្លាំង បន្ទាប់ពីសមាជិកក្រុមបព្វជិត បានដាក់ពាក្យបណ្ដឹងសុំទម្លាក់តំណែងប្រឆាំងនឹងអនុប្រធានាធិបតី លោកស្រី សារ៉ា ឌុយទែរតេ (Sara Duterte) នៅថ្ងៃទី៩ ខែកុម្ភៈនេះ ដែលជាពាក្យបណ្ដឹងទី៣ សម្រាប់ការវាយប្រហារលើរូបលោកស្រី ក្នុងរយៈពេលមិនដល់១០ថ្ងៃផង គឺបានឆ្លុះបញ្ចាំងពីគំនាបនយោបាយកាន់តែធ្ងន់ធ្ងរមកលើគ្រួសារត្រកូល ឌុយទែរតេ។

ពាក្យបណ្ដឹងថ្មី ដែលដាក់ដោយក្រុមបព្វជិតនេះ បានចោទប្រកាន់កូនស្រីអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែរតេ ថា បានបោកប្រាស់ប្រាក់ពន្ធរបស់អ្នកស្រុកយ៉ាងហោចណាស់៨,៥លានដុល្លារអាម៉េរិក ក្នុងអំឡុងពេលកាន់តំណែង។ លើសពីនេះ បណ្ដឹងក៏បានលើកឡើងពីករណីដែលលោកស្រីបាននិយាយ ហាក់បីដូចជាការគំរាមសម្លាប់ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗ ទោះបីជាលោកស្រីធ្លាប់ចេញមុខបកស្រាយថា ជាការយល់ច្រឡំក៏ដោយ។

យោងតាមរដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន ប្រសិនបើសភាតំណាងរាស្ត្រយល់ព្រមលើបណ្ដឹងនេះ វានឹងឈានទៅដល់ការកាត់ក្ដីនៅព្រឹទ្ធសភា។ ប្រសិនបើត្រូវបានរកឃើញថា មានទោសកំហុសពិតមែន លោកស្រីនឹងត្រូវដកចេញពីតំណែងអនុប្រធានាធិបតីភ្លាមៗ ហើយលោកស្រីនឹងត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិត។ លើសពីនេះ ក្ដីស្រមៃក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៨ ក៏នឹងត្រូវរលាយសាបសូន្យផងដែរ។

គួររំឭកថា កាលពីឆ្នាំមុន លោកស្រី សារ៉ា ឌុយទែរតេ ក៏ធ្លាប់ត្រូវបានសភាតំណាងរាស្ត្របោះឆ្នោតទម្លាក់ម្ដងរួចមកហើយ ប៉ុន្តែត្រូវបានតុលាការកំពូលបដិសេធចោលវិញ ដោយសារបញ្ហានីតិវិធី។ ប៉ុន្តែលើកនេះ សម្ពាធហាក់មានលក្ខណៈទ្រង់ទ្រាយធំជាងមុន ដោយសារមានទាំងបណ្ដឹងពីក្រុមអង្គការសង្គមស៊ីវិល សម្ព័ន្ធភាពឆ្វេងនិយម និងចុងក្រោយ គឺក្រុមអ្នកបួស ដែលសុទ្ធតែមានគោលដៅចង់ទម្លាក់លោកស្រីចេញពីអំណាចដូចគ្នា៕



