ព្យុះ ពេញ៉ា ផ្ដាច់ជីវិតមនុស្ស៤នាក់ និងបង្ខំពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ បោះបង់ផ្ទះសម្បែងរត់ភៀសខ្លួន
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ប្រទេសហ្វីលីពីន បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ព្យុះត្រូពិកពេញ៉ា (Penha) ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងការបាក់ដីនៅតំបន់ភាគខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងបង្ខំឱ្យពលរដ្ឋជាង៦ពាន់នាក់ ត្រូវចាកចេញពីផ្ទះសម្បែង...។

យោងតាមការបញ្ជាក់ពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ជនរងគ្រោះដែលបានបាត់បង់ជីវិតរួមមាន៖ ប្ដីប្រពន្ធមួយគូ និងកុមារពីរនាក់ បន្ទាប់ពីខ្ទមរបស់ពួកគេត្រូវបានកប់ក្រោមគំនរដីដែលបង្កឡើងដោយភ្លៀងធ្លាក់ជោកជាំ នៅក្នុងទីក្រុង Cagayan de Oro។ ស្ថានភាពកាន់តែអាសន្នបានកើតឡើងនៅក្នុងទីក្រុង Iligan ខណៈពលរដ្ឋខ្លះបានទូរសព្ទទៅកាន់ស្ថានីយវិទ្យុទាំងក្ដីរន្ធត់ ដើម្បីសុំឱ្យកងសង្គ្រោះជួយយកពួកគេចេញពីផ្ទះ បន្ទាប់ពីទឹកជំនន់បានឡើងខ្ពស់ខ្លាំង និងឡោមព័ទ្ធផ្ទះសម្បែងរបស់ពួកគេ។ មកទល់ពេលនេះ មនុស្សប្រមាណ៥៨០០នាក់ កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលជម្លៀស ខណៈសាលារៀនក្នុងតំបន់រងគ្រោះ ត្រូវបានប្រកាសផ្អាកការសិក្សាទាំងស្រុង។

ក្រៅពីការខូចខាតលើផ្ទះសម្បែង វិស័យដឹកជញ្ជូនក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដោយមនុស្សជិត៥ពាន់នាក់ និងកម្មករដឹកជញ្ជូន បានជាប់គាំងនៅតាមកំពង់ផែចំនួន៩៤ បន្ទាប់ពីអាជ្ញាធរហាមឃាត់នាវាដឹកអ្នកដំណើរ និងកប៉ាល់ទំនិញមិនឱ្យចេញដំណើរក្នុងសមុទ្ទដែលមានរលកខ្លាំង។ យ៉ាងណា ព្យុះ ពេញ៉ា មានល្បឿនខ្យល់បក់ដល់៧០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានព្យាករថា នឹងចុះខ្សោយទៅជាសម្ពាធទាប នៅល្ងាចថ្ងៃសុក្រនេះ ខណៈវាធ្វើដំណើរសំដៅទៅកាន់ខេត្ត Palawan ភាគខាងលិច។ ប្រទេសហ្វីលីពីន នៅតែបន្តស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតដោយសារគ្រោះធម្មជាតិ ដែលជារៀងរាល់ឆ្នាំតែងតែរងការវាយប្រហារដោយព្យុះ និងព្យុះទីហ្វុងប្រមាណ២០លើក រួមទាំងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត