
រដ្ឋធានីម៉ានីល៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករានេះ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងតំបន់ រួមមាន៖ ភាពតានតឹងនៅសមុទ្ទចិនខាងត្បូង សង្គ្រាមស៊ីវិលដែលកំពុងបន្តកើនឡើងនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ...។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន មានគោលបំណងកំណត់របៀបវារៈសំខាន់ៗរបស់ប្លុកសម្រាប់ឆ្នាំនេះ ក្រោមការដឹកនាំរបស់ហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ារៀ ថេរេសា ឡាសារ៉ូ បានប្រាប់សមភាគីអាស៊ានថា បរិយាកាសសន្តិសុខពិភពលោក កាន់តែមានបញ្ហាប្រឈម និងកាន់តែស្មុគស្មាញ ចំពោះទំនាក់ទំនងគ្នាទៅវិញទៅមក។ លោកស្រីប្តេជ្ញាថា រដ្ឋធានីម៉ានីល នឹងបន្តរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ និងរក្សាការប្រកាន់ខ្ជាប់របស់អាស៊ាន ចំពោះគោលការណ៍នៃការអត់ធ្មត់ ការសន្ទនា និងច្បាប់អន្តរជាតិ។

ជាមួយគ្នា លោកស្រីក៏បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាបើករបស់លោកស្រីថា៖«នៅទូទាំងតំបន់របស់យើង យើងបន្តឃើញភាពតានតឹងនៅសមុទ្ទ ជម្លោះផ្ទៃក្នុងអូសបន្លាយ និងបញ្ហាព្រំដែនមិនទាន់ដោះស្រាយ និងបញ្ហាមនុស្សធម៌»។ លោកស្រីបន្ថែមថា ៖«កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ អនុញ្ញាតឱ្យយើង[..]ផ្លាស់ប្ដូរទស្សនៈ ស្តីពីការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលជះឥទ្ធិពលដោយផ្ទាល់ដល់យើង»។ ការដែលហ្វីលីពីនលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ មកដាក់លើតុនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ កំពុងបង្ហាញពីជំហរពង្រឹងមជ្ឈភាពអាស៊ានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ សូមជម្រាបថា ក្រៅពីសង្គ្រាមស៊ីវិលនៅភូមា ឬមីយ៉ាន់ម៉ា និងបញ្ហាសមុទ្ទចិនខាងត្បូង វិបត្តិព្រំដែនកម្ពុជា-ថៃ នៅតែជាសមីការដ៏លំបាកសម្រាប់រដ្ឋធានីម៉ានីលដោះស្រាយ៕



