ប្រធានាធិបតីហ្វីលីពីនប្រឈមនឹងការអស់តំណែង
ហៀប ស៊ីថេត
03 កុម្ភៈ 2026 06:53 AM

រដ្ឋធានីម៉ានីល៖ សភាប្រទេសហ្វីលីពីន នៅថ្ងៃអង្គារទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  បានឈានដល់ដំណាក់កាលដ៏តានតឹងមួយ ក្នុងការពិនិត្យមើលពាក្យបណ្ដឹងទម្លាក់ពីតំណែង ប្រឆាំងនឹងលោកប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស ជេអ...។  

លោក ហ្វើឌីណាន់ ម៉ាកូស ជេអ (Mr.Ferdinand Marcos Jr.)
លោក ហ្វើឌីណាន់ ម៉ាកូស ជេអ (Mr.Ferdinand Marcos Jr.)

សមាជិកសភាហ្វីលីពីនបានជួបប្រជុំគ្នាដើម្បីសម្រេចថា តើត្រូវជំរុញការប្តឹងចោទប្រកាន់លោកប្រធានាធិបតី ម៉ាកូស ពីបទក្បត់ទំនុកចិត្តសាធារណៈ អំពើពុករលួយ និងរំលោភរដ្ឋធម្មនុញ្ញ ឬក៏អត់...? យ៉ាងណា លោក ម៉ាកូស ដែលកាន់តំណែងបានពាក់កណ្តាលអាណត្តិនៃអាណត្តិរយៈពេល៦ឆ្នាំរបស់លោក បានចេញមុខបដិសេធចំពោះការប្រព្រឹត្តខុសទាំងនេះ។ ទោះជាយ៉ាងនេះក្ដី លោក ម៉ាកូស ប្រឈមមុខនឹងបណ្តឹង២ដាច់ដោយឡែកពីគ្នា ប្តឹងដោយមេធាវី និងសកម្មជន ខណៈសមាជិកសភាបានអះអាងថា បណ្តឹងទាំង២ទម្រង់មានទម្ងន់គ្រប់គ្រាន់។ ប្រសិនបើពាក្យបណ្តឹងប្រឆាំងនឹងលោក ម៉ាកូស ទទួលបានជោគជ័យក្នុងការបោះឆ្នោតសភា លោកនឹងក្លាយជាប្រមុខរដ្ឋហ្វីលីពីនទី២ ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីលោក សូសែបស៍ អេស្ត្រាដា (Mr. Joseph Estrada)

ពាក្យបណ្តឹងរួមមាន ការសម្រេចចិត្តរបស់លោក ម៉ាកូស ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធឺតេ (Mr. Rodrigo Duterte) ត្រូវបានចាប់ខ្លួន និងនាំយកទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេលសង្រ្គាមគ្រឿងញៀនដ៏កក្រើកប្រទេស។ លើសពីនេះ លោក ម៉ាកូស ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិអំណាចរបស់លោក ក្នុងការចំណាយថវិកាសាធារណៈផងដែរ ដែលនាំឱ្យមានរឿងអាស្រូវពុករលួយលើគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់។ ទន្ទឹមនេះ បញ្ហាគ្រឿងញៀនក៏ធ្វើឱ្យលោកមិនសក្តិសមក្នុងការគ្រប់គ្រងប្រទេសផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត