ពលរដ្ឋភៀសសឹក ទទួលបានជំនួយជាសម្ភារប្រើប្រាស់ជាង៣០តោនពីសហភាពអឺរ៉ុប និងយូនីសេហ្វ
L
Linda Sorn
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុប និងអង្គការយូនីសេហ្វ បានសហការនាំយកជំនួយជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ទៅចែកជូនពលរដ្ឋភៀសសឹកដោយការឈ្លានពានរបស់យោធាថៃ ដែលកំពុងស្នាក់នៅជំរំភៀសសឹកក្នុងវត្តកណ្តោល ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ...។

ពិធីប្រគល់ជំនួយ «សម្ភារសង្គ្រោះបន្ទាន់»។ រូបភាព៖ អង្គការយូនីសេហ្វ
ពិធីប្រគល់ជំនួយ «សម្ភារសង្គ្រោះបន្ទាន់»។ រូបភាព៖ អង្គការយូនីសេហ្វ

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការចុះប្រគល់ «សម្ភារសង្គ្រោះបន្ទាន់» ធ្វើឡើងកាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមប្រគល់ផ្ទាល់ពី លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោក អានៀរបាន ឆាតទឺជី (Anirban Chatterjee) នាយករងយូនីសេហ្វប្រចាំកម្ពុជា, និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ជាដើម។ យូនីសេហ្វបញ្ជាក់ថា សម្ភារសង្គ្រោះបន្ទាន់ទាំងអស់មានប្រមាណ៣០តោន សម្រាប់ជួយគាំទ្រដល់ពលរដ្ឋប្រមាណ១ម៉ឺន៥ពាន់នាក់ ភាគច្រើនជាស្ត្រី និងកុមារ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, សៀមរាប, និងព្រះវិហារ។

រូបភាព៖ អង្គការយូនីសេហ្វ
រូបភាព៖ អង្គការយូនីសេហ្វ

សម្ភារទាំងនោះរួមមាន៖ តង់, កៅស៊ូតង់ សម្រាប់ប្រើប្រាស់ជាកន្លែងសិក្សាបណ្តោះអាសន្ន, ទីកន្លែងកុមារមេត្រី ដើម្បីធានាថា កុមារអាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសមានសុវត្ថិភាព។ ការផ្ដល់ជូននេះ ក៏រួមបញ្ចូលផងដែរនូវកញ្ចប់អនាម័យ, អំពូលសូឡា, សម្ភារសុខភាពអនាម័យ និងទឹកស្អាតផ្សេងទៀត ដើម្បីជួយឱ្យគ្រួសារនីមួយៗអាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ ក្នុងអំឡុងពេលស្នាក់នៅជំរំបណ្តោះអាសន្ន។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្កូ ទ្រីសម៉ាន់ បានមានប្រសាសន៍ថា៖«ថ្ងៃនេះ យើងមានមោទកភាពក្នុងការផ្ដល់ជូនសម្ភារចាំបាច់ តាមរយៈភាពជាដៃគូជាមួយយូនីសេហ្វប្រចាំកម្ពុជា បន្ថែមពីលើការគាំទ្រផ្នែកសុខភាពផ្លូវចិត្តដែលកំពុងអនុវត្តដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ដើម្បីផ្តល់សេវាកម្មប្រឹក្សាផ្លូវចិត្តដែលបង្កដោយជម្លោះប្រដាប់អាវុធដល់ប្រជាជនភៀសសឹក»។

លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបភាព៖ អង្គការយូនីសេហ្វ
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបភាព៖ អង្គការយូនីសេហ្វ

ចំណែក លោក អានៀរបាន ឆាតទឺជី នាយករងយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ការគាំទ្រនេះនឹងជួយធានាថា កុមារតូចៗនៅតែអាចបន្តការរៀនសូត្រ សម្ភារបរិក្ខាទឹកស្អាត និងអនាម័យប្រើប្រាស់ ហើយសហគមន៍អាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងអំឡុងពេលកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។ ជាមួយគ្នា សហភាពអឺរ៉ុប និងយូនីសេហ្វ ក៏អះអាងថា នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធានាថា កុមារ និងគ្រួសារ ទទួលបានជំនួយចាំបាច់ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងការស្តារឡើងវិញសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមព្រំដែននេះ។ គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ នៅមានពលរដ្ឋចំនួន៨៦ ៤៤៧នាក់ទៀត មិនទាន់អាចវិលទៅលំនៅឋានបាន៕

រូបភាព៖ អង្គការយូនីសេហ្វ
រូបភាព៖ អង្គការយូនីសេហ្វ
រូបភាព៖ អង្គការយូនីសេហ្វ
រូបភាព៖ អង្គការយូនីសេហ្វ
រូបភាព៖ អង្គការយូនីសេហ្វ
រូបភាព៖ អង្គការយូនីសេហ្វ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត