បឹងបង្កោងឆ្នាំនេះលើសពីភាពរីករាយ ពលរដ្ឋចាប់ត្រីបាន៨តោនយកទៅធ្វើម្ហូប
S
Sreyleak Yith
16 ម៉ោងមុន

ក្រុងសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីចាប់ត្រីបែបបុរាណតាមទំនៀមទម្លាប់ពីដូនតា នៅបឹងបង្កោង ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង កាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២៦ ដោយមានប្រជាពលរដ្ឋ និងជនបរទេសចម្រុះជាតិសាសន៍ចូលរួមយ៉ាងច្រើនកុះករ និងចាប់ត្រីបានសរុបប្រមាណ៨តោន...។ 

យោងតាមការឱ្យដឹងពីមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា មិនមែនមានតែអ្នកភូមិបង្កោងទ្បើយដែលចូលរួម ជាក់ស្តែង មានការចូលរួមពីប្រជាពលរដ្ឋ ក្មេង-ចាស់ ប្រុស-ស្រីយ៉ាងច្រើនមកពីគ្រប់រាជធានី​-ខេត្ត ពិសេសក្នុងពិធីនោះក៏មានជនបរទេសចម្រុះជាតិសាសន៍ចូលរួមផងដែរ។ ជាមួយគ្នា ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីចាប់ត្រី បាន​សម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម ដែលបាន​ឧបត្ថម្ភ​កូនត្រីពូជលែងចូលក្នុងបឹង​បង្កោង​កន្លងមក ធ្វើឱ្យទិន្នផល​ត្រីក្នុងបឹងមានការកើនឡើងជាងបណ្តាឆ្នាំមុនៗ។ មន្រ្តីកសិកម្មបន្ថែមថា ត្រីក្នុងបឹងនោះមានដូចជា៖ ត្រីផ្ទក់ ត្រីរ៉ស អណ្ដែង ឆ្ពិន និងត្រីប្រា ត្រីត្រអោន ត្រីក្រាញ់ ។ល។ ពោលគឺសម្បូរហូរហៀរតែម្ដង។

សូមជម្រាបថា ការរៀបចំពិធីចុះចាប់ត្រីនេះ មានគោលបំណងធំៗចំនួន៣ រួមមាន៖ ទី១.រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតា, ទី២.ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យពួកគាត់មកឃើញទំនៀមទម្លាប់ និងអ្វីដែលអ្នកស្រុកអ្នកភូមិមាន ហើយបានអភិរក្ស, ទី៣.ឱ្យគេបានស្គាល់ពីតាំងភូមិសាស្ត្រទីនោះច្បាស់ ដើម្បីប្រជាសហគមន៍ទទួលបានចំណូលអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត