
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវសារាចរហាមឃាត់ការយកស្លាកលេខរដ្ឋ ស្លាកលេខក្រសួង ស្ថាប័ន ឬអង្គភាពយោធា ទៅដាក់ប្រើប្រាស់លើរថយន្ត ទោចក្រយានយន្ត ឬត្រីចក្រក្រយានយន្តគ្រប់ប្រភេទ ដែលមិនមែនជារបស់អង្គភាពសាមីទាំងនោះ ពោលគឺហាមដាច់ខាត ការយកទៅបំពាក់ប្រើប្រាស់ជាលក្ខណៈឯកជន ឬក្រុមហ៊ុន។ យ៉ាងណា ថ្មីៗនេះ មានវីដេអូឃ្លីបមួយបង្ហាញពីរថយន្ត Off Road មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ ធ្វើសកម្មភាពបើកបរផ្ទុយពីប្រតិបត្តិការការងាររបស់អង្គភាព កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន..។

ជាក់ស្ដែង នៅរសៀលថ្ងៃទី០៩កុម្ភៈ ឆ្នាំ២០២៦នេះ មានវីដេអូឃ្លីបមួយមានរយៈពេលប្រមាណ២០វិនាទី ត្រូវបានចែកចាយលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពរថយន្តមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ បានបើកបរលុយភក់អមដោយសំឡេងក្មេងចាស់ប្រុសស្រីស្រែកហ៊ោកញ្រ្ចៀវយ៉ាងសប្បាយរីករាយ ខណៈសកម្មភាពមួយនេះ ត្រូវបានមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុក បញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ និងអ្នកខ្លះទៀតហួសចិត្តចំពោះម្ចាស់រថយន្តដែលយកស្លាកលេខស្ថាប័នជាតិ មកប្រើប្រាស់ខុសគោលការណ៍បែបនេះ។ មហាជនលើកសំណួរជាច្រើនស្រដៀងគ្នាថា៖តើការប្រើប្រាស់រថយន្តឯកជនបំពាក់ស្លាកលេខអង្គភាពដែលជាស្ថាប័នរដ្ឋ ទៅជិះកម្សាន្តក្រៅភារកិច្ចបែបនេះ ជារឿងខុសឆ្គងដែរឬយ៉ាងណា? ជាទូទៅ រថយន្តដែលបំពាក់ស្លាកលេខស្ថាប័នរដ្ឋ ឬអង្គភាពយោធា ត្រូវបានផ្ដល់ជូនប្រើប្រាស់តែក្នុងគោលដៅបម្រើកិច្ចការងាររបស់មន្ត្រីរាជការសាធារណៈប៉ុណ្ណោះ។

ចំពោះការយកទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន (ដូចជា ដើរកម្សាន្ត ទៅកម្មវិធីជប់លៀង ឬដឹកទំនិញឯកជន) គឺជាការប្រើប្រាស់ខុសគោលដៅ ផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន និងការណែនាំរបស់រាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងអំឡុងពេលប្រើប្រាស់ខុសគោលដៅ វានឹងបង្កើតជាបញ្ហាស្មុគស្មាញក្នុងការដោះស្រាយសំណង ហើយបុគ្គលនោះអាចនឹងត្រូវទទួលរងវិន័យរដ្ឋបាលបន្ថែមទៀតពីសំណាក់អង្គភាពសាមី។ មិនត្រឹមតែប៉ះពាល់សាមីខ្លួនតែម្នាក់ឯងប៉ុណ្ណោះទេ ច្បាស់ណាស់ គឺជះឥទ្ធិពលដល់ក្រសែភ្នែកមហាជនទូទៅ ក៏ដូចជាបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ ព្រោះពួកគាត់ពិបាកក្នុងការបែងចែកមិនច្បាស់លាស់រវាងការងាររដ្ឋ និងការងារបុគ្គល។

ដោយឡែក ម្ចាស់គណនីមួយឈ្មោះ «បញ្ញា ចិន» បានចូលទៅខម្មិនឆ្លើយតបទៅលើការរិះគន់ទាំងនោះថា៖«ខ្ញុំទើបតែមកពីជួរមុខដែរទេបង ឡានញុម[រថយន្តខ្ញុំ]ដឹកស្បៀងឡើងខូចម៉ាស៊ីនអស់មួយហើយ សួរថា មានអ្នកជួយចេញលុយញុម[ខ្ញុំ]ធ្វើបានមួយរៀលទេ ហើយខ្ញុំទើបបានសម្រាក ក៏ឆ្លៀតនាំប្រពន្ធកូនមកចូរ រួចលេងកំសាន្តនឹងគេបន្តិចនឹង ជេខ្ញុំម្លឹងៗ ចុះពេលខ្ញុំនៅសមរភូមិ ដឹកស្បៀងមិនខ្លាចគ្រាប់នោះ ម៉េចបានបងប្អូនមើលមិនឃើញសោះចឹង»៕







