ធុរជនជប៉ុន ចង់ផ្លាស់ប្ដូរទីតាំងផលិតកម្ម​ពីក្នុងតំបន់មកកម្ពុជា
អុន សម្ផស្ស
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) លោកសាស្ត្រាចារ្យ តេត្ស៊ូយ៉ា វ៉ាតាណាបេ បានជម្រាប សម្តេចធិបតី ហ៊ុន ម៉ាណែត ថា កម្ពុជា ជាទីតាំងដ៏មានសក្ដានុពលមួយ ដែលបាននិងកំពុងទាក់ទាញធុរជនជប៉ុនឱ្យងាកមកស្វែងរកឱកាសវិនិយោថ្មីៗរបស់ខ្លួន...។

លោកសាស្ត្រាចារ្យ តេត្ស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
លោកសាស្ត្រាចារ្យ តេត្ស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៦ លោកប្រធានវិទ្យាស្ថាន ERIA បានរាយការណ៍ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី«ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ ទន្ទឹមនោះ លោកប្រធានវិទ្យាស្ថាន ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស លទ្ធភាពរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះ មិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និងសកល​។​

ក្នុងជំនួបដដែលនោះ លោក តេត្ស៊ូយ៉ា វ៉ាតាណាបេ បានគូសរំលេចជូនសម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុន ក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជាឱ្យកាន់តែច្រើន។ លោកប្រធានវិទ្យាស្ថាន ERIA សង្កត់ធ្ងន់ថា«បច្ចុប្បន្ន បណ្ដាក្រុមហ៊ុនជប៉ុន កំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location) ​នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសវិនិយោគថ្មីៗ នៅកម្ពុជាបន្ថែមទៀត»។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកសាស្ត្រាចារ្យ និងគណៈប្រតិភូជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់វិទ្យាស្ថាន ERIA។ ជាមួយគ្នា សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖«រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់ និងឧស្សាហកម្មជាក់លាក់ ជាដើម»។​ ក្នុងន័យនេះ សម្ដេចធិបតី លើកទឹកចិត្តឱ្យ លោក តេត្ស៊ូយ៉ា វ៉ាតាណាបេ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជន ទាំងនៅជប៉ុន និង​កម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែល សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត