កម្ពុជា ស្វាគមន៍ទស្សនកិច្ចធុរជន និងអ្នកកាសែតកូរ៉េ ស្រាយមន្ទិលលើបញ្ហា«ឧក្រិដ្ឋកម្មអនឡាញ»
អុន សម្ផស្ស
14 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៩​កុម្ភៈ ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍គម្រោងទស្សនកិច្ចរបស់ក្រុមធុរជន និងអ្នកសារព័ត៌មានកូរ៉េប្រមាន២០នាក់ ដែលចង់មកស្វែងយល់ពីតថភាពទូទៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ 

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Daejoo KC លោក PARK JOO BONG នៅថ្ងៃទី៩កុម្ភៈនេះ បានលើកឡើងពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន។ លើសពីនេះ មន្ត្រីទូតកម្ពុជា ក៏បានបញ្ជាក់ប្រាប់ភាគីកូរ៉េ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហានៃការភាន់ច្រឡំមួយចំនួនលើករណីឧក្រិដ្ឋកម្មអនឡាញស្កេម ដែលបានកើតឡើងកាលពីឆ្នាំ២០២៥។

ក្នុងន័យនេះ កម្ពុជា ស្វាគមន៍ចំពោះគម្រោងរបស់ លោក ផាក ជូប៊ុង PARK JOO BONG ដឹកនាំក្រុមគណៈប្រតិភូកូរ៉េ រួមមាន៖ ធុរជន និងអ្នកសារព័ត៌ ប្រមាណ២០នាក់ មកកម្ពុជា នៅពាក់កណ្តាលខែកុម្ភៈ។ លោក ឃួន ផុនរតនៈ សង្កត់ធ្ងន់ថា៖«ស្ថានទូតត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា»លោកទូតបន្ថែមថា ទស្សនកិច្ចនេះ គឺស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូតកម្ពុជា ដែលកន្លងមកតែងព្យាយាមស្នើឱ្យសារព័ត៌មានកូរ៉េ ផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត