កុំភ្លេចចូលរួម!​​​ ខេត្តសៀមរាប នឹងមានព្រឹត្តិការណ៍ធំៗ២កើតទ្បើងក្នុងខែកុម្ភៈនេះ
S
Sreyleak Yith
05 កុម្ភៈ 2025 08:45 AM

ក្រុងសៀមរាប៖​​ អាជ្ញាធររដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន២រួមមាន៖ ពិធីចាប់ត្រីបែបបុរាណ ប្រារព្ធទ្បើងនៅថ្ងៃទី៩កុម្ភៈ​​ និង​ក្បួនដង្ហែតុក្កតាយក្ស​ ​ធ្វើនៅថ្ងៃទី២២កុម្ភៈ​​ ឆ្នាំ២០២៥​ ខាងមុខ។​​ នេះបើតាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរទេសចរណ៍

រូបភាពពី​​ រដ្ឋបាលខេត្តសៀមរាប
រូបភាពពី​​ រដ្ឋបាលខេត្តសៀមរាប

ព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ៖ របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតែរក្សាបានយ៉ាងខ្ចាប់ខ្ចួន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកពីតាមបណ្តាខេត្តនានាជាប់ព្រំប្រទល់ និងភ្ញៀវទេសចរបរទេស។ ​ការចាប់ត្រីរួមគ្នា នឹងធ្វើនៅក្នុងបឹងបុរាណមួយដែលមានឈ្មោះថា «ត្រពាំងបឹង» ដែលអ្នកភូមិបានអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាសឡើយ ពោលគឺទុកសម្រាប់តែការរៀបចំកម្មវិធីរកត្រីរួមគ្នាក្នុងមួយឆ្នាំម្ដងនេះ ដើម្បីធ្វើពិធីឡើងមាឃផង ឬឡើងអ្នកតារក្សាទឹកដីតាមទំនៀមចាស់បុរាណផង។

ការចាប់ត្រីក្នុងត្រពាំងបឹងនេះ​ទៀតសោធ គេអនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបែបបុរាណដែលរួមមាន៖ អង្រុត និងឈ្នាង សំណាញ់ ។ល។ ក្រោយពីអ្នកភូមិបង្កោង ធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងមានសិទ្ធិចូលទៅចាប់រកត្រីនៅក្នុងត្រពាំងបឹងនេះបាន។ យ៉ាងណា ពិធីចាប់ត្រីបែបបុរាណ​ ត្រូវបានអ្នកភូមិធ្វើឡើងក្រោយបញ្ចប់ការងារច្រូតកាត់ និងទុកដាក់ស្រូវក្នុងជង្រុករួចរាល់។ បន្ថែមលើនេះ ពិធីចាប់ត្រីរួមរបស់អ្នកភូមិបង្កោង គណៈកម្មការនឹងកំណត់ជាពីរផ្នែក ដោយមួយផ្នែកប្រជាពលរដ្ឋទាំងអស់ក្នុងភូមិបង្កោង អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ និងមួយផ្នែកទៀតនៃបឹង ដែលមានដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវទុកចាប់រួមសម្រាប់ធ្វើជាម្ហូបក្នុងពិធីបុណ្យ។

រូបភាពពី​​ រដ្ឋបាលខេត្តសៀមរាប
រូបភាពពី​​ រដ្ឋបាលខេត្តសៀមរាប

ដោយទ្បែក​​ ព្រឹត្តិការណ៍ ​ក្បួនដង្ហែតុក្កតាយក្ស​​ ត្រូវបានធ្វើឡើងដើម្បីលើកស្ទួយសិល្បៈបែបសូន្យរូប​​ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានឃើញ និងស្គាល់រូបសំណាក់បុគ្គលល្បីៗ ឬរូបសត្វប្រភេទកម្រៗជាច្រើន​​ ដើម្បីថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ដែលកំពុងទទួលរងគ្រោះទាំងអស់នោះ។ ​​ចំពោះ​ ក្បួនដង្ហែតុក្កតាយក្ស នេះ បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម កម្មវិធីត្រូវបានប្រារព្ធរាល់ឆ្នាំរហូតដល់ឆ្នាំ២០១៨ និងត្រូវបានផ្អាកនៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១​ ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែបានចាប់ផ្តើមប្រារព្ធឡើងវិញនៅឆ្នាំ២០២២​​ រហូតមកឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១៤ហើយដែលអាជ្ញាធររដ្ឋបាលខេត្តបានរៀបចំ៕  

រូបភាពពី​​ រដ្ឋបាលខេត្តសៀមរាប
រូបភាពពី​​ រដ្ឋបាលខេត្តសៀមរាប
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត