ក្រដាសមិនអាចខ្ចប់ភ្លើង! ពលរដ្ឋថៃ​ចាត់ទុកការបោះឆ្នោត«គ្មានតម្លាភាព» និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ
ហៀប ស៊ីថេត
20 ម៉ោងមុន

រាជធានីបាងកក៖ ស្រមោលអំពើពុករលួយកំពុងគ្របដណ្ដប់លើការបោះឆ្នោតនៅប្រទេសថៃ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពត្រូវបានគេបិទបាំង និងរារាំងមិនឱ្យសង្កេតការរាប់សន្លឹកឆ្នោត សិស្សនិស្សិត និងអ្នកស្រុកខេត្តបទុមធានី(ปทุมธานี)រាប់រយនាក់ បានផ្ទុះកំហឹងយ៉ាងខ្លាំង និងចេញមុខធ្វើបាតុកម្មតវ៉ាទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ដើម្បីវែករកភាពមិនប្រក្រតី ដែលកំពុងបង្កប់ក្នុងប្រព័ន្ធបោះឆ្នោតនៅប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃនាព្រឹកថ្ងៃទី៩កុម្ភៈនេះ...។

កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ សិស្សនិស្សិត និងសាធារណជនជាង៣០០នាក់ បានប្រមូលផ្តុំគ្នានៅសាលប្រជុំនៃសាកលវិទ្យាល័យ (Rajamangala University of Technology Thanyaburi) ជាកន្លែង​ត្រូវ​បាន​គេ​ប្រើ​ជា​មជ្ឈមណ្ឌល​រាប់​សន្លឹក​ឆ្នោត។ ក្រុមអ្នកតវ៉ា បានប្រឈមមុខនឹងមន្ត្រីបោះឆ្នោត ដោយបានថតវីដេអូឃ្លីបជាភស្តុតាង នៃអ្វីដែលពួកគេបានពិពណ៌នាថា «ខ្វះតម្លាភាព»។ យោងតាមក្រុមអ្នកតវ៉ា ក្រុមអ្នកសង្កេតការណ៍វ័យក្មេងប្រហែល៦នាក់ បានព្យាយាមចូលទៅក្នុងទីតាំងរាប់សន្លឹកឆ្នោត ប៉ុន្តែត្រូវបានគេហាមឃាត់ ដោយលើកឡើងពីការរំខានដល់ប្រតិបត្តិការ រួចក៏ដេញឱ្យពួកគេចាកចេញពីទីតាំងនោះ។

ក្រោយ​មក ​អ្នក​សង្កេត​ការណ៍​សុំ​មើល​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត ស្រាប់តែមន្រ្តី​ប្រាប់​ថា ​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​រួច​ហើយ ខណៈ​ប្រអប់​បិទ​ជិត​ធ្វើ​ឱ្យ​ការ​ផ្ទៀងផ្ទាត់​មិន​អាច​ទៅ​រួច​ទេ។ ក្រុមអ្នកតវ៉ា ក៏បានចោទប្រកាន់ថា កាមេរ៉ាសុវត្ថិភាព ឬCCTV ត្រូវបានបិទ និងគ្របដោយក្រណាត់ពណ៌ខ្មៅ។ គួរបញ្ជាក់ថា ការរារាំងមិនឱ្យមើលការរាប់សន្លឹកឆ្នោត និងការយកក្រណាត់ខ្មៅទៅគ្របលើកាមេរ៉ាសុវត្ថិភាព គឺជាភស្តុតាងបង្ហាញយ៉ាងប្រត្យក្សថា ដំណើរការនៃការរាប់សន្លឹកឆ្នោតនៅប្រទេសថៃ ត្រូវបានធ្វើឡើងក្នុងលក្ខណៈ«អាថ៌កម្បាំង និងគួរឱ្យសង្ស័យ»។ នេះបើតាមការអះអាងរបស់ក្រុមនិស្សិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត