
រាជធានីបាងកក៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ នយោបាយថៃកំពុងឈានចូលរបត់ថ្មី! ក្រោយដណ្តើមបានជោគជ័យលើសពីការរំពឹងទុករបស់ខ្លួន នៅក្នុងការបោះឆ្នោតសកល ដែលគណបក្សភូមិចៃថៃរបស់ អនុទីន ឆានវីរគុល ក្លាយជាតួអង្គស្នូលក្នុងការកំណត់ជោគវាសនាផ្នត់គំនិតអភិរក្សនិយម ខណៈកិច្ចចរចាបង្កើតរដ្ឋាភិបាលចម្រុះ ត្រៀមនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ...។

មេដឹកនាំគណបក្សភូមិចៃថៃ អះអាងថា ផែនការបង្កើតសម្ព័ន្ធរដ្ឋាភិបាលចម្រុះនឹងត្រូវសម្រេច បន្ទាប់ពីការបញ្ជាក់ជាផ្លូវការពីសមាជិកសភា និងកិច្ចប្រជុំប្រតិបត្តិគណបក្ស។ លោកបានថ្លែងថា ភាគីនីមួយៗត្រូវកោះប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនជាដំបូងដើម្បីកំណត់គោលជំហរ និងវិធីសាស្ដ្ររបស់ខ្លួន និងពេលវេលាដើម្បីអនុវត្តតាមនីតិវិធីចាំបាច់។ នៅពេលសួរថា តើគណបក្សក្លាថាំ (Klatham) នឹងស្ថិតក្នុងចំណោមដៃគូសម្ព័ន្ធដ៏មានសក្តានុពលរបស់គណបក្សភូមិចៃថៃដែរឬយ៉ាងណា...? ព្រោះបើបក្សទាំងពីររួមបញ្ចូលគ្នា រាជរដ្ឋាភិបាលថៃថ្មី នឹងប្រសូតឡើងដោយគ្មានវត្តមានបក្សធំទាំងពីរ គឺគណបក្សប្រជាជន[ថៃ] និងគណបក្សភឿថៃនៅឡើយ បើគិតតាមការកំណត់អាសនៈ២៥១ ក្នុងចំណោមអាសនៈសរុប៥០០។ លោក អនុទីន ឆ្លើយទាំងជឿជាក់ថា មេគណបក្សក្លាថាំ នឹងងាកមករកគណបក្សភូមិចៃថៃយ៉ាងពិតប្រាកដ។ លោក អនុទីន បន្ថែមថា គណបក្ស នឹងបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដំបូង បន្ទាប់ពីការបោះឆ្នោត និងពិចារណា ដើម្បីបង្កើតសម្ព័ន្ធរដ្ឋាភិបាលចម្រុះ។

នៅពេលអ្នកសារព័ត៌មានសួរអំពីគោលនយោបាយបក្ស ដែលរាជរដ្ឋាភិបាលថ្មីនឹងបន្ត...ថា តើរឿងនេះនឹងរួមបញ្ចូលបញ្ហាព្រំដែនដែរឬទេ...? លោក អនុទីន លើកឡើងថា៖«គណបក្សភូមិចៃថៃ មានគោលនយោបាយរបស់ខ្លួនរួចរាល់ហើយ។ រឿងនេះនឹងរួមបញ្ចូលបញ្ហាព្រំដែនដែរឬយ៉ាងណា! ឥឡូវស្ថានភាពព្រំដែនមានស្ថិរភាព ហើយមិនគួរត្រូវបានគេជីកកកាយទៀតទេ។ សន្តិសុខរបស់ថៃ ត្រូវបានបង្កើតឡើងនៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ហើយយោធាកំពុងត្រួតពិនិត្យព្រំដែន និងពង្រឹងការការពារជាតិឱ្យបានពេញលេញ»។ គួរបញ្ជាក់ថា គណបក្សភូមិចៃថៃរបស់លោក អនុទីន ទទួលបានជ័យជម្នះស្ទើរមិនគួរឱ្យជឿ ខណៈការព្យាករដ៏ទូលំទូលាយមួយបង្ហាញថា គណបក្សប្រជាជន[ថៃ] អាចជាអ្នកឈ្នះឆ្នោតដឹកនាំប្រទេស ប៉ុន្តែអ្វីៗវាបានក្រឡាប់ចក្រវិញ៕



