
រាជធានីបាងកក៖ នៅថ្ងៃអាទិត្យទី៨ ខែកុម្ភៈនេះ ប្រជាជនថៃប្រមាណ៥៣លាននាក់ ចាប់ផ្ដើមធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលមុនអាណត្តិ ដែលត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងគ្នារវាងទស្សនវិស័យនយោបាយ៣បែប ពោលគឺ៖ បែបកំណែទម្រង់និយម ប្រជាភិថុតិ និងបែបខ្សែរយៈបក្ខពួកនិយម...។

ទោះបីជាមានគណបក្សជាង៥០ចូលរួមប្រកួតប្រជែងក៏ដោយ ប៉ុន្តែមានតែគណបក្ស៣ប៉ុណ្ណោះ ដែលមានឥទ្ធិពល និងរចនាសម្ព័ន្ធរឹងមាំទូទាំងប្រទេស នោះគឹ៖ ១.គណបក្សប្រជាជន[ថៃ] ដឹកនាំដោយលោក ណាត់ថៈផុង រឿងបញ្ញាវុឌ្ឍ ជាបក្សបន្តវេនពីបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះឆ្នោតខ្លាំងកាលពីឆ្នាំ២០២៣ តែត្រូវបានរំលាយចោល។ បក្សនេះសន្យាកែទម្រង់ស្ថាប័នធំៗដូចជា យោធា ប៉ូលិស និងតុលាការ ដែលទាក់ទាញខ្លាំងដល់យុវជន និងអ្នករស់នៅតាមទីក្រុង។ ២.គណបក្សភូមិចៃថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆានវីរកុល។ លោកបានឆ្លៀតយកឱកាសនៃជម្លោះព្រំដែនជាមួយកម្ពុជាកាលពីឆ្នាំមុន ដើម្បីកសាងមុខមាត់ជា«មេដឹកនាំសម័យសង្គ្រាម»។ បក្សនេះ ត្រូវបានគេមើលឃើញថា ជាអ្នកការពាររបបរាជានិយម និងយោធា ហើយមានប្រៀបខ្លាំងនៅតំបន់ភាគឦសាន។ ៣.គណបក្សភឿថៃ ជាយាននយោបាយរបស់មហាសេដ្ឋី ថាក់ស៊ីន ឈិនៈវ័ត។ យុទ្ធនាការលើកនេះ ដឹកនាំដោយក្មួយប្រុសរបស់លោក គឺ លោក យសឆៈនន្ន វង្សសៈវ៉ាត់ (ยศชนัน วงศ์สวัสดิ์) ដោយផ្ដោតសំខាន់លើការស្ដារសេដ្ឋកិច្ច និងការចែកសាច់ប្រាក់ដល់ពលរដ្ឋ។

ក្រៅពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៥០០រូប ថ្ងៃនេះក៏មានការបោះឆ្នោតប្រជាមតិមួយផងដែរ ដើម្បីសួរពលរដ្ឋថា តើគួរជំនួសរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងដោយយោធា ឬយ៉ាងណា? ក្រុមប្រជាធិបតេយ្យយល់ថា នេះជាជំហានសំខាន់ ដើម្បីកាត់បន្ថយឥទ្ធិពលយោធា និងតុលាការ ខណៈក្រុមអភិរក្សនិយមព្រមានថា វាអាចបង្កអស្ថិរភាព។ ការស្ទង់មតិក្នុងស្រុកបង្ហាញថា គ្មានគណបក្សណាមួយនឹងទទួលបានអាសនៈភាគច្រើនដាច់ខាតឡើយ ដែលតម្រូវឱ្យមានការចរចាបង្កើតរដ្ឋាភិបាលចម្រុះ។ ទោះបីជាបក្សប្រជាជន ត្រូវបានគេរំពឹងថា អាចទទួលបានសំឡេងនាំមុខក៏ដោយ ប៉ុន្តែគោលនយោបាយកំណែទម្រង់ខ្លាំងៗរបស់ពួកគេ អាចនឹងធ្វើឱ្យបក្សដទៃទៀតរួមកម្លាំងគ្នា ដើម្បីផាត់បក្សនេះចេញពីអំណាច ដូចដែលធ្លាប់កើតឡើងកាលពីឆ្នាំ២០២៣៕




