លោកស្រី តាកៃឈី ដឹកនាំបក្ស LDP ក្ដោបក្ដាប់អាសនៈលើសលប់ក្នុងសភាជប៉ុន
N
Nary Vann
09 កុម្ភៈ 2026 02:00 AM

រាជធានីតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី​ សម្រេចបាននូវជោគជ័យយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃទី៨ ខែកុម្ភៈម្សិលមិញ ដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី បានវាយលុកក្ដោបក្ដាប់អាសនៈភាគច្រើនលើសលប់នៅក្នុងសភាជាន់ទាប។

លោកស្រី សាណា តាកៃឈី​
លោកស្រី សាណា តាកៃឈី​

យោងតាមលទ្ធផលដែលចងក្រងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បង្ហាញថា បក្ស LDP ទទួលបានអាសនៈរហូតដល់៣១៦ក្នុងចំណោម៤៦៥អាសនៈ ដែលចំនួននេះ គឺលើសពីតម្រូវការសម្រាប់សំឡេងភាគច្រើន (២៣៣អាសនៈ) យ៉ាងឆ្ងាយ។ ការសម្រេចចិត្តរបស់លោកស្រី តាកៃឈី ក្នុងការរំលាយសភាបោះឆ្នោតក្រោយកាន់តំណែងនាយករដ្ឋមន្ត្រីបានត្រឹម៣ខែប៉ុណ្ណោះ។ លោកស្រីថ្លែងទៅកាន់អ្នកសារព័ត៌មានទាំងទឹកមុខញញឹមថា៖«យើងបានសង្កត់ធ្ងន់ជានិច្ច អំពីសារសំខាន់នៃគោលនយោបាយហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ និងសកម្ម។ យើងនឹងផ្តល់អាទិភាពលើចីរភាពនៃគោលនយោបាយហិរញ្ញវត្ថុ និងធានាឱ្យមានការវិនិយោគចាំបាច់នានា»។ ជ័យជម្នះនេះ គឺជាអាជ្ញាបណ្ណដ៏មានឥទ្ធិពលសម្រាប់លោកស្រី ក្នុងការរុញច្រានរបៀបវារៈស្ដាំនិយម រួមទាំងការកែទម្រង់យោធា និងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

យ៉ាងណាមិញ ក្ដីបារម្ភមួយចំនួនកើតឡើងនៅក្នុងទីផ្សារវិនិយោគ បន្ទាប់ពីលោកស្រី តាកៃឈី បានសន្យាផ្អាកការយកពន្ធលើការលក់ចំណីអាហារ៨ភាគរយ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋកណ្ដាល ដែលកំពុងរងនឹងជំនន់ឡើងថ្លៃនៃទំនិញ។ ក្រុមអ្នកវិនិយោគមានការព្រួយបារម្ភថា ផែនការកាត់បន្ថយពន្ធនេះ អាចនឹងបន្ថែមបន្ទុកបំណុលជាតិកាន់តែធ្ងន់ធ្ងរដល់ប្រទេសជប៉ុន ដែលជាប្រទេសមានបំណុលខ្ពស់បំផុត ក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿន។ ពលរដ្ឋខ្លះ បានបង្ហាញការបារម្ភថា ការកាត់បន្ថយពន្ធនៅពេលនេះ អាចនឹងក្លាយជាបន្ទុកកាន់តែធំសម្រាប់កូនចៅជំនាន់ក្រោយ។

ថ្វីបើមានការធ្លាក់ព្រិលយ៉ាងខ្លាំងរហូតដល់បិទផ្លូវ និងបង្ខំឱ្យមណ្ឌលបោះឆ្នោតខ្លះត្រូវបិទមុនកំណត់ក៏ដោយ ក៏ពលរដ្ឋជប៉ុននៅតែជម្នះអាកាសធាតុត្រជាក់ ដើម្បីទៅបោះឆ្នោតយ៉ាងច្រើនកុះករ។ ពលរដ្ឋជាច្រើន បានលើកឡើងថា លោកស្រី តាកៃឈី បានបង្កើតនូវទិសដៅថ្មី ធ្វើឱ្យប្រជាជនមានអារម្មណ៍ថា សាមគ្គីគ្នា និងឆ្ពោះទៅមុខ ដែលនេះជាមូលហេតុធ្វើឱ្យលោកស្រីទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកដែលចង់ឃើញការផ្លាស់ប្ដូរ និងស្ថិរភាពនយោបាយយូរអង្វែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត