ជប៉ុន​រកឃើញកំណប់រ៉ែកម្រ​ក្នុងបាតសមុទ្ទជ្រៅ ដ៏ច្រើនមហាសាល
ហៀប ស៊ីថេត
02 កុម្ភៈ 2026 11:00 AM

រាជធានីតូក្យូ៖ ក្នុងសមរភូមិបច្ចេកវិទ្យា និងសន្តិសុខសកល ដែលកំពុងប្រណាំងប្រជែងខ្លាំង រដ្ឋាភិបាលជប៉ុន បានអះអាងនៅថ្ងៃចន្ទទី២ ខែកុម្ភៈនេះថា ដីល្បាប់ដែលមានផ្ទុកនូវរ៉ែកម្រដ៏ច្រើនមហាសាល ត្រូវបានស្រង់ចេញពីជម្រៅមហាសមុទ្ទ៦០០០ម៉ែត ក្នុងបេសកកម្មសាកល្បងរបស់ប្រទេសជប៉ុន ដោយរាជធានីតូក្យូព្យាយាមទប់ស្កាត់ការពឹងផ្អែកលើប្រទេសចិន សម្រាប់សារធាតុរ៉ែមានតម្លៃ...។

ជប៉ុនបង្ហាញថា បេសកកម្មនេះ គឺជាការបើកឆាករុករករ៉ែក្រោមបាតសមុទ្ទជ្រៅជាងគេលើកដំបូងរបស់ពិភពលោក ដើម្បីទាញយកភោគទ្រព្យរ៉ែកម្រក្នុងសមុទ្ទជ្រៅបែបនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក កេអ៊ី សាតូ (Mr.Kei Sato) បានសង្កត់ធ្ងន់ថា៖«ព័ត៌មានលម្អិតនឹងត្រូវបានវិភាគ រួមទាំងចំនួននៃរ៉ែកម្រ..ដែលជាសមិទ្ធផលដ៏មានអត្ថន័យ ទាំងផ្នែកសន្តិសុខសេដ្ឋកិច្ច និងការអភិវឌ្ឍដែនសមុទ្ទដ៏ទូលំទូលាយ»។ សំណាកនៃរ៉ែកម្រទាំងនេះ ត្រូវបានប្រមែប្រមូលដោយទូកខួងវិទ្យាសាស្រ្ត នៅដែនសមុទ្ទជ្រៅមួយ មានឈ្មោះថា ឈីគ្យុ (Chikyu) ដោយបានចេញដំណើរកាលពីខែមុនទៅកាន់កោះដាច់ស្រយាលមួយឈ្មោះ មីណាមិ តូរីហ្ស៊ីម៉ា ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ជាកន្លែងដែលត្រូវបានគេជឿថា ផ្ទុកនូវកំណប់រ៉ែដ៏មានតម្លៃមហាសាល។ ចំណាត់ការណ៍របស់ជប៉ុន កើតឡើងនៅពេលដែលប្រទេសចិន ជាអ្នកផ្គត់ផ្គង់រ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក បានបង្កើនសម្ពាធលើប្រទេសប្រជុំកោះនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី សាណា តាកៃឈី ព្រមានអន្តរាគមន៍កម្រិតយោធា ប្រសិនបើចិន ហ៊ានបើកការវាយប្រហារសង្គ្រុបលើកូនកោះតៃវ៉ាន់។

សូមជម្រាបថា តំបន់ជុំវិញកោះមីណាមិ តូរីហ្ស៊ីម៉ា ដែលស្ថិតនៅក្នុងដែនទឹកសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ត្រូវបានគេប៉ាន់ប្រមាណថា មានផ្ទុកនូវសារធាតុរ៉ែកម្រជាង១៦លានតោន ខណៈចំនួនដ៏ច្រើនសន្ធឹកនេះ អាចអនុញ្ញាតឱ្យជប៉ុនក្លាយជាប្រទេសមានរ៉ែកម្របម្រុងធំជាងគេទី៣ នៅទូទាំងពិភពលោក។ ប្រតិបត្តិការរបស់ជប៉ុន បានក្លាយទៅជាចំណុចរសើបនៃភូមិសាស្ត្រនយោបាយ កាន់តែខ្លាំង ដែលអាចជំរុញឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ផ្តោតកាន់តែខ្លាំងក្នុងដែនទឹកអន្តរជាតិ។ យ៉ាងណា អាជ្ញាធរបាតសមុទ្ទអន្តរជាតិ(ISA) ដែលមានយុត្តាធិការក្នុងបាតសមុទ្ទនៅខាងក្រៅដែនទឹកជាតិ កំពុងជំរុញឱ្យមានការអនុម័តច្បាប់សកល ដើម្បីគ្រប់គ្រងការខួងយករ៉ែនៅក្នុងជម្រៅមហាសមុទ្ទ។ យ៉ាងណា បេសកកម្មសាកល្បងរបស់ជប៉ុនត្រូវបានធ្វើឡើងនៅក្នុងដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ។ សូមជម្រាបថា ការស្រង់រ៉ែពីជម្រៅបាតសមុទ្ទ៦០០០ម៉ែត្រនេះ មិនមែនគ្រាន់តែជាជោគជ័យធម្មតាទេ ប៉ុន្តែវាក៏ជាចុតហ្មាយមួយ ផ្តាំទៅកាន់រដ្ឋធានីប៉េកាំងវិញថា ទោះអត់ដង្ហើមរ៉ែកម្រពីចិន ក៏រាជធានីតូក្យូ អាចដកដង្ហើមបានដោយខ្លួនឯងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត