ពលរដ្ឋជប៉ុនចេញទៅបោះឆ្នោតកំណត់វាសនានាយករដ្ឋមន្ត្រីស្ត្រីដំបូង និងរបៀបវារៈសន្តិសុខជាតិដ៏តឹងរ៉ឹង
N
Nary Vann
11 ម៉ោងមុន

រាជធានីតូក្យូ៖ នៅថ្ងៃអាទិត្យទី៨ ខែកុម្ភៈនេះ មណ្ឌលបោះឆ្នោតទូទាំងប្រទេសជប៉ុន បានចាប់ផ្ដើមបើកទ្វារ សម្រាប់ការបោះឆ្នោតសកលមុនអាណត្តិ ដែលត្រូវបានគេមើលឃើញ​ថា ជាការសាកល្បងទំនុកចិត្តលើនាយករដ្ឋមន្ត្រីស្ត្រីដំបូងបង្អស់ គឺ លោកស្រី សាណា តាកៃឈី។ លោកស្រីអតីតនាយករដ្ឋមន្ត្រី សង្ឃឹមថា ជ័យជម្នះថ្ងៃនេះ នឹងផ្ដល់អំណាចឱ្យលោកស្រីបន្តអនុវត្តគោលនយោបាយស្ដាំនិយម រួមទាំងការបង្កើនសមត្ថភាពយោធា ចំពេលមានភាពតានតឹងជាមួយចិន...។

លោកស្រី សាណា តាកៃឈី
លោកស្រី សាណា តាកៃឈី

លោកស្រី តាកៃឈី ដែលទើបកាន់តំណែងបាន៣ខែ បានសម្រេចចិត្តរំលាយសភាដើម្បីបោះឆ្នោតមុនអាណត្តិ ក្នុងគោលបំណងស្រោចស្រង់ប្រជាប្រិយភាពគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលធ្លាប់រងគ្រោះដោយរឿងអាស្រូវហិរញ្ញវត្ថុ និងសាសនា។ លោកស្រីបានប្ដេជ្ញាពង្រឹងយោធា តាមរយៈការលុបចោលបម្រាមនាំចេញអាវុធ និងបោះបង់គោលការណ៍អហិង្សាសម័យក្រោយសង្គ្រាម ដើម្បីត្រៀមលក្ខណៈវាយបកវិញ ពង្រឹងចំណងមិត្តភាពជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ និងបង្កើនការចំណាយលើវិស័យការពារជាតិ តាមការចង់បានរបស់វ៉ាស៊ីនតោន ព្រមទាំងរឹតបន្តឹងអន្តោប្រវេសន៍ និងកំណត់ចំនួនជនបរទេសរស់នៅក្នុងប្រទេស។

ទោះបីជាមានការលេចឡើងនៃក្រុមស្ដាំនិយមជ្រុល និងសម្ព័ន្ធភាពកណ្ដាលនិយមក៏ដោយ ប៉ុន្តែការស្ទង់មតិចុងក្រោយបង្ហាញថា គណបក្ស LDP របស់លោកស្រី អាចនឹងឈ្នះអាសនៈភាគច្រើនដាច់ខាតតែឯង ឬអាចឡើងដល់៣០០អាសនៈ ប្រសិនបើរួមដៃជាមួយបក្សសម្ព័ន្ធមិត្តថ្មី Japan Innovation Party (JIP)។ លោកស្រី តាកៃឈី ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា៖«ប្រសិនបើបក្ស LDP មិនអាចឈ្នះអាសនៈភាគច្រើនទេ ខ្ញុំនឹងចុះចេញពីតំណែង»

ការបោះឆ្នោតថ្ងៃនេះ បានចាប់ផ្ដើមឡើងចំពេលមានការធ្លាក់ព្រិលយ៉ាងខ្លាំងនៅទូទាំងប្រទេស រួមទាំងរាជធានីតូក្យូផងដែរ ដែលវាអាចជាឧបសគ្គដល់ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មណ្ឌលបោះឆ្នោត។ លើសពីនេះ អ្នកវិភាគកំពុងតាមដានមើលថា តើប្រជាប្រិយភាពរបស់លោកស្រី តាកៃឈី ក្នុងចំណោមយុវជន នឹងអាចប្រែក្លាយទៅជាសន្លឹកឆ្នោតពិតប្រាកដដែរឬទេ ព្រោះក្រុមយុវជនជប៉ុនត្រូវបានគេដឹងថា មានអត្រាចេញទៅបោះឆ្នោតទាបបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត