
ក្រុងសិរីសោភ័ណ៖ របាយការណ៍រដ្ឋបាលស្រុកចំនួន២ នៃខេត្តបន្ទាយមានជ័យ បង្ហាញថា ផ្លូវរងផលប៉ះពាល់ និងខូចខាតដោយសារជម្លោះព្រំដែន បន្ទាប់ពីយោធាថៃបើកការឈ្លានពាន ធ្វើឱ្យផ្លូវចំនួន៨០ខ្សែរងការខូចខាតធ្ងន់ធ្ងរ...។

របាយការណ៍រដ្ឋបាលស្រុកអូរជ្រៅ និងស្រុកថ្មពួក គូសបញ្ជាក់ថា ផ្លូវដែលរងផលប៉ះពាល់ និងខូចខាតដោយយោធាថៃវាយប្រហាររបាញ់ផ្លោងគ្រាប់ និងបើកយន្តហោះទម្លាក់គ្រាប់ដាក់មានចំនួន៨០ខ្សែ ក្នុងនោះស្រុកថ្មពួក ប៉ះពាល់ខូចខាតផ្លូវចំនួន៤៣ខ្សែ និងស្រុកអូរជ្រៅចំនួន៣៧ខ្សែ។ ចំពោះឃុំអូរបីជាន់ នៃស្រុកអូរជ្រៅ មាន២ភូមិ៖ ទី១.ភូមិជោគជ័យ រងការខូចខាតផ្លូវចំនួន២៦ខ្សែ និងទី២.ភូមិព្រៃចាន់រងការខូចខាតផ្លូវចំនួន១១ខ្សែ។ ចំណែកឃុំគោករមៀត នៃស្រុកថ្មពួក មាន៤ភូមិរួមមាន៖ ទី១.ភូមិសាមគ្គី រងការខូចខាតផ្លូវចំនួន៨ខ្សែ, ទី២.ភូមិបន្ទាយមានរិទ្ធ រងការខូចខាតផ្លូវចំនួន៩ខ្សែ, ទី៣.ភូមិត្រពាំងសំរោង រងការខូចខាតផ្លូវចំនួន១៣ខ្សែ, និងទី៤.ភូមិផ្លូវបំបែក រងការខូចខាតផ្លូវចំនួន១៣ខ្សែ។

គួររំឭកផងដែរថា ក្រោយទាហានថៃ បើកការបាញ់ប្រហារមកលើកម្ពុជាក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានអាជ្ញាធរជម្លៀសរកទីតាំងសុវត្ថិភាព ខណៈយោធាថៃឈ្លានពាន បានទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោមពីលើយន្តហោះ និងបាញ់ផ្លោងគ្រាប់ធ្លាក់រាយប៉ាយដូចតំណក់ទឹកភ្លៀង លើភូមិឋានជនស៊ីវិលរស់នៅ សាលារៀន វត្តអារាម មន្ទីរពេទ្យ សំណង់អគាររដ្ឋបាលរដ្ឋ និងឯកជន បណ្តាលឱ្យខូចខាតជាដំណំ។ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន ពួកទាហានថៃឈ្លានពាន បានយកលួសបន្លាស្រាស់ព័ទ្ធ និងដាក់ទូរកុងតឺន័របាំងយកលំនៅឋានពលរដ្ឋ រំលោភលើអធិបតេយ្យកម្ពុជា និងរំលោភសិទ្ធិមនុស្សអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕ រាយការណ៍ដោយ៖ ឈុន មករា





