ដំណឹងហួសចិត្ត! សមត្ថកិច្ចបញ្ជាក់ករណីប្ល.ន់មាស២លើកនៅក្រុងបាត់ដំបង ជារឿង​ប្រតិដ្ឋ​ទាំងអស់
ហាក់ អ៊ីឌី
14 ម៉ោងមុន

ក្រុងបាត់ដំបង់៖ ក្រោយផ្ទុះករណីប្លន់មាស២លើកផ្ទូនៗ ពោលគឺលើកទីមួយ មានជាងទងម្នាក់ប្រកាសថា បានបាត់បង់មាសអស់៥៥តម្លឹង ក្រោយចោរចូលប្លន់ចាក់ឱ្យរងរបួស និងមួយករណីទៀត ស្ត្រីម្នាក់ចេញមកអះអាងថា បានបង់លុយ និងវត្ថុមានតម្លៃជាង២ពាន់ដុល្លារក្រោយមានចោរចូលមកប្លន់។ យ៉ាងណា ករណីចោរប្លន់ទាំងពីរខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់ថា ជារឿងបោកប្រាស់ ដែលសាមីខ្លួន​ប្រតិដ្ឋ​ឡើងក្នុងគោលបំណងផ្សេងប៉ុណ្ណោះ...។

<br />

យោងតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យទី០៨ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្រោយមានការសម្រប​សម្រួ​ល​នីតិវិធីពីលោក មាស​ ច័ន្ទពិសិដ្ឋ​ ព្រះរាជអាជ្ញា​នៃ​អ​យ្យការអមសា​លា​ដំបូងខេត្តបា​ត់​ដំ​បង​ កម្លាំងការិយាល័យនគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​​ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយផ្ទុះករណីចោរប្លន់ទាំង២ករណីខាងលើ ពោលគឺករណីទី១.កើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបុរសម្នាក់ឈ្មោះ អ៊ំ​ សុខចម្រើន​ បានអះអាងថា ខ្លួនរងរបួសធ្ងន់ដោយសារចោរចូលប្លន់ហើយយករបស់រឹងចាក់ចំឆ្អឹងជំនីខាងឆ្វេង បន្លន់យកមាស​៥៥តម្លឹង រត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ជាងទងឈ្មោះ អ៊ុំ សុខចម្រើន ពេលរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅមន្ទីរពេទ្យ
ជាងទងឈ្មោះ អ៊ុំ សុខចម្រើន ពេលរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅមន្ទីរពេទ្យ

យ៉ាងណា ក្រោយបើកការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញរបស់មន្ត្រីនគរបាលបច្ចេកទេស យ៉ាងយកចិត្តទុកដាក់បំផុតនោះ សមត្ថកិច្ចបានរកឃើញថា ករណីខាងលើ គឺជាការប្រតិដ្ឋ​សុទ្ធសាទរបស់យុវជនជាងទង អ៊ុំ សុខចម្រើន ពោលគឺរូបគេបានយកមាសដែលជារបស់ឪពុក​ម្តាយ ទៅសង​បំណុលជំពាក់រឿងចាញ់​ល្បែងអនឡាញ ប៉ុន្តែបែរជាបង្កើតរឿងចោរប្លន់ទៅវិញ។ ដូច្នេះ រឿងនេះពុំមែនជាករណីចោរប្លន់ដូចការលើកឡើងរបស់សាមីខ្លួនឡើយ។ ចំណែកមួយករណីទៀត កើតឡើងនៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្នុងថ្ងៃតែមួយជាមួយគ្នានោះ គឺមានស្ត្រីម្នាក់ឈ្មោះ មៀន​ ម៉ារិយា អះអាងថា មានករណីចោរចូលប្លន់យកប្រាក់អស់២ពាន់ដុល្លារ និងគ្រឿងអលង្ការកងដៃ១ឈុតចំនួន៧កង ខណៈដែលរឿងរ៉ាវមួយនេះ ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ គឺជាករណីប្រតិដ្ឋ​ដូចគ្នា ដោយស្ត្រីរូបនោះ ខឹងនឹងស្វាមីមានប្រពន្ធចុង ទើបបង្កើតរឿងចោរប្លន់នេះឡើង ដើម្បីឱ្យប្ដីងាកមកចាប់អារម្មណ៍ជាមួយខ្លួនវិញប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រោយធ្វើការស៊ើបអង្កេត និងកត់កំណត់រឿងហេតុរួចរាល់ ពេលនេះ សមត្ថកិច្ចបាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសាមីខ្លួនដែលបានប្រតិដ្ឋ​ព័ត៌មានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងជះឥទ្ធិពលមិនល្អដល់សង្គមជាតិ ជាពិសេស ប៉ះពាល់ដល់កិត្តិយសខេត្តបាត់​ដំបងយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រជាពលរដ្ឋនាំគ្នាភ័យខ្លាច ព្រោះតែដំណឹងបំពុល​សង្គមមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត