
រាជធានីតូក្យូ៖ លោកស្រី សាណា តាកៃឈី នាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ជប៉ុន បានប្រកាសកាលពីថ្ងៃទី១៩មករាថា លោកស្រីនឹងសម្រេចរំលាយសភានៅសប្តាហ៍នេះ ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី៨ ខែកុម្ភៈខាងមុខ...។

មូលហេតុចម្បងដែលនាំឱ្យមានការសម្រេចចិត្តនេះ គឺដោយសារលោកស្រីចង់ជម្រះមន្ទិលសង្ស័យលើភាពស្របច្បាប់នៃអាណត្តិដឹកនាំរបស់ខ្លួន និងដើម្បីទទួលបានសំឡេងភាគច្រើនដាច់ដោយឡែកនៅក្នុងសភា ដែលនឹងអនុញ្ញាតឱ្យលោកស្រីអាចអនុម័តគោលនយោបាយសេដ្ឋកិច្ច និងកញ្ចប់ថវិកាជាតិ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើសម្បទានដល់គណបក្សដទៃទៀត។ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី បច្ចុប្បន្នមានសំឡេងភាគច្រើនតិចតួចប៉ុណ្ណោះនៅក្នុងសភា ធ្វើឱ្យការអនុម័តច្បាប់ផ្សេងៗមានភាពរអាក់រអួល។ លោកស្រីសង្ឃឹមថា ការបោះឆ្នោតថ្មីនេះ នឹងជួយឱ្យបក្សលោកស្រីក្ដោបក្ដាប់អំណាចបានពេញលេញវិញ។

លោកស្រី តាកៃឈី បញ្ជាក់ថា សភានឹងត្រូវរំលាយនៅថ្ងៃទី២៣ ខែមករា ហើយយុទ្ធនាការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា។ ស្របពេលជាមួយគ្នា ដើម្បីយកចិត្តម្ចាស់ឆ្នោតដែលកំពុងជួបវិបត្តិអតិផរណា លោកស្រី តាកៃឈី បានសន្យាថា នឹងកាត់បន្ថយពន្ធលើអាហាររយៈពេល២ឆ្នាំ និងបានអនុម័តកញ្ចប់ថវិកាចំនួន ១២២,៣ទ្រីលានយ៉េន (ឬត្រូវនឹងប្រមាណ៧៦៨ពាន់លានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំ២០២៦។ យ៉ាងណា ចំណាត់ការនេះបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់គណបក្សប្រឆាំង ដែលយល់ឃើញថា ការរៀបចំការបោះឆ្នោតនៅពេលនេះ គឺជាការខ្ជះខ្ជាយពេលវេលា និងអាចបង្កជាការរំខានដល់ការអនុម័តកញ្ចប់ថវិកាជាតិ ដែលចាំបាច់សម្រាប់ដោះស្រាយបញ្ហាបន្ទាន់របស់ប្រជាជន។ ទន្ទឹមនោះ ពលរដ្ឋខ្លះយល់ថា រដ្ឋាភិបាល គួរតែដោះស្រាយបញ្ហាទំនិញឡើងថ្លៃជាមុនសិន សឹមគិតគូររឿងបោះឆ្នោត៕



