រដ្ឋធានីសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញឧបនាយករដ្ឋមន្ត្រីចេញពីតំណែង និងបានជេរប្រមាថ ប្រឆាំងនឹងមន្ត្រីអសមត្ថភាពនៅកណ្តាលទីសាធារណៈ ដែលនេះ ជារឿងកម្របំផុត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃអង្គារទី២០ ខែមករានេះ...។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក គីម បានរិះគន់ និងប្រមាថធ្ងន់ៗលើឧបនាយករដ្ឋមន្ត្រី យ៉ាង ស៊ុងហូ (Yang Sung Ho) ថា គ្មានការទទួលខុសត្រូវ ឈ្លើយ និងអសមត្ថភាព ហើយក្រោយមក ឧបនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានបណ្តេញចេញពីតំណែងនៅនឹងកន្លែង។ លោក គីម និយាយផង ព្រមានផងថា៖«សូមលោកឧបនាយករដ្ឋមន្ត្រីលាលែងពីតំណែងដោយខ្លួនឯងទៅ ទាន់អ្នកនៅអាចធ្វើបាន មុនវាយឺតពេល»។ ភ្លាមៗ លោក គីម ក៏បានស្តីបន្ទោសមន្ត្រីខ្ជិលៗ ចំពោះការគ្រប់គ្រងមិនត្រឹមត្រូវនៃគោលនយោបាយសេដ្ឋកិច្ច ប៉ុន្តែការបណ្តេញចេញជាសាធារណៈបែបនេះ គឺកម្រមានណាស់។ ថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចបើកបរិវេណគ្រឿងចក្រឧស្សាហកម្មមួយកាលពីថ្ងៃចន្ទទី១៩ ខែមករា លោក គីម បានស្តីបន្ទោសកម្មាភិបាលដែលទម្លាប់ស្ពឹកស្រពន់ ខ្ជិលច្រអូស ការមិនទទួលខុសត្រូវ និងអសកម្ម។ ការបណ្តេញលោក យ៉ាង ស៊ុងហូ ចេញពីតំណែង ក៏ជាសារដ៏មុតស្រួច ដើម្បីព្រមានមន្រ្តីថ្នាក់ដឹកនាំដទៃទៀតផងដែរ។

តាមពិតទៅ កូរ៉េខាងជើងជាប្រទេសមានប្រជាជនក្រីក្រ ដោយសាររដ្ឋមួយនេះផ្តោតលើវិស័យយោធា។ ប្រទេសនេះ ក៏ងាយរងគ្រោះខ្លាំងចំពោះគ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធរ៉ាំរ៉ៃ ការកាប់បំផ្លាញព្រៃឈើ និងការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋអស់រយៈពេលជាច្រើនទសវត្សរ៍។ គួរបញ្ជាក់ថា កូរ៉េខាងជើង គឺជាប្រទេសមានអាវុធនុយក្លេអ៊ែរ ស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនវ័ណ្ឌ-កលើកម្មវិធីអាវុធរបស់ខ្លួន ហើយបានតស៊ូជាយូរមកហើយជាមួយនឹងសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋ ដែលមានសភាពទ្រុឌទ្រោម និងកង្វះអាហារដ៏រ៉ាំរ៉ៃ៕
