ដំរីព្រៃថៃព្រេចភ្ញៀវទេសចរស្លាប់ម្នាក់ទៀតក្នុងឧទ្យានជាតិ ដែលជាជនរងគ្រោះទី៣
N
Nary Vann
03 កុម្ភៈ 2026 04:01 AM

រដ្ឋធានីបាងកក៖ ភាពភ័យខ្លាចបានគ្របដណ្ដប់លើឧទ្យានជាតិខៅយ៉៉ៃ (เขาใหญ่) ភាគកណ្ដាលនៃប្រទេសថៃ បន្ទាប់ពីដំរីព្រៃដ៏កាចសាហាវមួយក្បាល បានព្រេចសម្លាប់ភ្ញៀវទេសចរម្នាក់ កាលពីថ្ងៃទី២ខែកុម្ភៈម្សិលមិញ...។

ជនរងគ្រោះ គឺជាបុរសជនជាតិថៃអាយុ៦៥ឆ្នាំ មកពីខេត្តលពបុរី (ลพบุรี) ដែលត្រូវបានដំរីឈ្មោះអូយ៉េវ៉ាន (โอเยวาน) ជាន់រហូតដល់បាត់បង់ជីវិត ខណៈលោកកំពុងដើរហាត់ប្រាណពេលព្រឹកជាមួយភរិយា។ ចំណែកស្ត្រីជាភរិយា បានភៀសខ្លួនផុតពីសេចក្តីស្លាប់ បន្ទាប់ពីមន្ត្រីឧទ្យានជាតិបានមកដល់ និងធ្វើឱ្យដំរីនោះភ័យខ្លាចរត់ចេញទៅ។ អ្វីដែលកាន់តែរន្ធត់នោះ ប្រធានឧទ្យានជាតិ លោក ជ័យយា ហួយហ៊ុងថង (ភាសាសៀម៖ ชัยยา ห้วยหงษ์ทอง) បានបង្ហើបថា បុរសម្នាក់នេះ គឺជាជនរងគ្រោះទី៣ហើយដែលបានស្លាប់ក្រោមជើងដំរីអូយ៉េវ៉ាន ហើយវាក៏អាចជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់មនុស្សមួយចំនួនទៀត ដែលមិនទាន់ដោះស្រាយចេញផងដែរ។ យោងតាមទិន្នន័យពីនាយកដ្ឋានឧទ្យានជាតិថៃ ចាប់តាំងពីឆ្នាំ២០១២មក មនុស្សជាង២២០នាក់ បានបាត់បង់ជីវិតដោយសារការវាយប្រហារពីដំរីព្រៃនៅប្រទេសថៃ ខណៈចំនួនដំរីព្រៃបានកើនឡើងយ៉ាងគំហុកពី៣៣៤ក្បាល ក្នុងឆ្នាំ២០១៥ ដល់ជិត៨០០ក្បាល កាលពីឆ្នាំមុន។

លោក ជ័យយា ហួយហ៊ុងថង (Mr.Chaiya Huayhongthong)
លោក ជ័យយា ហួយហ៊ុងថង (Mr.Chaiya Huayhongthong)

អាជ្ញាធរគ្រោងនឹងជួបពិភាក្សានៅថ្ងៃសុក្រខាងមុខនេះ ដើម្បីសម្រេចវាសនាជោគរបស់ដំរីអូយ៉េវ៉ាន ថាតើត្រូវផ្លាស់ប្ដូរទីជម្រករបស់វា ឬរកវិធីសាស្ដ្រកែប្រែចរិតលក្ខណៈរបស់វា។ ព្រឹត្តិការណ៍នេះ បានកើតឡើងស្របពេលដែលករណីដំរីព្រៃវាយប្រហារមនុស្ស កំពុងកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងពិភពលោក រួមមាន៖ នៅប្រទេសឥណ្ឌា កេនយ៉ា សីង្ហបុរី និងអាហ្វ្រិកខាងត្បូង ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ភ្ញៀវទេសចរ ដែលចូលចិត្តទស្សនាសត្វព្រៃ៕

ឧទ្យានជាតិខៅយ៉ៃ
ឧទ្យានជាតិខៅយ៉ៃ
<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត